ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទោសឧក្រិដ្ឋកម្មសង្គ្រាមផឹកថ្នាំពុលសម្លាប់ខ្លួននៅក្នុងសវនាការ

ចែករំលែក៖

អ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ជនជាតិក្រូអាតដើមកំណើតប៊ូស្នៀ លោក Slobadan Praljakបានផឹកថ្នាំពុលធ្វើអត្តឃាតនៅក្នុងបន្ទប់សវនាការរតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហុល្លង់។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី៣០ ខែវិច្ឆិកា តុលាការបានច្រានចោលបណ្តឹងតវារបស់លោក Praljak ដោយបន្តរក្សាសាលក្រមដាក់ទោសជាប់ពន្ធនាគារ២០ឆ្នាំ នៅក្នុងសវនាការផ្សាយផ្ទាល់តាមទូរទស្សន៍។

តាមមន្ត្រីនៅក្នុងសវនាការបានបញ្ជាក់ថា អតីតមេបញ្ជាការអាយុ៧២ឆ្នាំបានប្រកាស ប្រឆាំងនឹងសាលក្រមរបស់តុលាការ ដោយបញ្ជាក់ថាលោកមិនមែនជាអ្នកទោសសង្គ្រាមនោះឡើយ។ ភ្លាមៗនោះ លោកបានយកកូនដបតូចដែលដាក់តាមខ្លួន ចេញមកផឹកនៅមុខតុលាការតែម្តង។ ពេលផឹករួចហើយ លោក Praljak បានប្រកាសថា«ខ្ញុំបានផឹកថ្នាំពុល»។

សកម្មភាពខាងលើរបស់លោក Praljak ធ្វើឲ្យមនុស្សគ្រប់គ្នាដែលមានវត្តមាន នៅក្នុងតុលាការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តុលាការក៏បានសម្រេចផ្អាកសកម្មភាព ហើយបញ្ជូនលោក Praljak ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

នាយករដ្ឋមន្ត្រីក្រូអាតលោក Andrej Plenkovic បានប្រកាសថា លោក Praljakបានស្លាប់នៅក្នុងមន្ទីពេទ្យក្រោយផឹកថ្នាំពុល។

សារព័ត៌មាន ប៊ីប៊ីស៊ី បានផ្សាយថា កាលពីឆ្នាំ២០១៣ លោក Praljakត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារ២០ឆ្នាំ ពីបទប្រឆាំងមនុស្សជាតិ ជាក់ស្តែងគឺប្រឆាំងនឹងជនជាតិអ៊ិស្លាមនៅក្នុងសង្គ្រាម Bosnia នៅឆ្នាំ១៩៩២-១៩៩៥។ លោកPraljak ពេលនោះ គឺជាមេបញ្ជាការកម្លាំងការពារជនជាតិក្រូអាតដើមកំណើតបូស្នៀ។ នៅឆ្នាំ១៩៩៣ បើទោះបីទទួលបានព័ត៌មានថា ទាហានក្រោមបញ្ជារបស់លោក បានឡោមព័ទ្ធជនជាតិអ៊ិស្លាមនៅក្នុងតំបន់ Prozor ប្រទេសក្រូអាត តែលោកហាក់បីជាមិនមានសកម្មភាពរារាំងនោះឡើយ។

ក្រៅពីនេះលោក Praljak ត្រូវបានកាត់ទោសពីបទចេញបញ្ជាឲ្យបំផ្លាញស្ពានប្រវត្តិសាស្ត្រ និងព្រះវិហារនៅបូស្នៀ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមជនជាតិអ៊ិស្លាមនៅទីនោះ៕ ម៉ែវ សាធី


ចែករំលែក៖