ភ្នំពេញ៖ រដូវកាលទី២នៃព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដែលរៀបចំឡើងដោយកងយោធពលខេមរភូមិន្ទ សហការជាមួយស្ថាប័នពាក់ព័ន្ធនានា បានប្រកាសពីកាលបរិច្ឆេទ របស់ខ្លួនហើយកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន ដោយគ្រោង រៀបចំការប្រកួតចំនួន៣ថ្ងៃពីថ្ងៃទី៥ដល់ទី៧ ខែមករា ឆ្នាំ២០១៨ ខាងមុខនៅបរិវេណកោះពេជ្រ រាជធានីភ្នំពេញ ។
លោកឧត្តមសេនីឯក លឹម ផាន់ភារៈ មន្រ្តីទទួលបន្ទុកខាងព័ត៌មាន បានលើកឡើងថា ៖ «ដើម្បីអបអរទិវារំដោះជាតិ៧មករា, ដើម្បីប្រមូលនិធិជួយសហគមអតីតយុទ្ធជនកម្ពុជា, ដើម្បីបំផុសពីតួនាទីរបស់កងយោធពលខេមរភូមិន្ទឲ្យមហាជនបានស្គាល់ និងដើម្បីបង្កើតសហប្រតិបត្តិការរវាងមហាជន និងកងទ័ព» ។ ម៉្យាងការប្រកួតនេះបានបង្ហាញសារពីបញ្ហាគ្រឿងញៀន និងទី២ ជំរុញឱ្យគោរពច្បាប់ចរាចរណ៍ឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
តំណាងគណៈកម្មការរូបនេះ បានបន្ថែមថា ភាគីពាក់ព័ន្ធបានត្រៀមលក្ខណៈ ជាង៦ខែមកហើយ សម្រាបដំណើរការប្រកួតកីឡា កងទ័ពរដូវកាលទី២នេះ ដោយសង្ឃឹមថា មហាជននិងចូលរួមបានច្រើនជាងរដូវកាលទី១កាលពៅឆ្នាំ២០១៦កន្លងទៅ ។ ការប្រកួតកីឡាកងទ័ព ក៏មានការតាំងបង្ហាញពីសម្ភារសព្វាវុធ និងភាពយល់ដឹងដល់មហាជន ឬបង្ហាញពីទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ ទាំងជើងទឹក ជើងគោក និងអាកាស ដោយមានសាងសង់ជាទីបញ្ជាសប្បនិមិត្ត មានព្រៃសប្បនិមិត្ត ព្រមទាំងឱ្យមហាជនបានដឹងពីលេនដ្ឋានពិតៗនៅសមរភូមិមុខរបស់កងទ័ព។
ការប្រកួតកីឡានេះ នឹងបែងចែកជា២ប្រភេទកីឡា គឺទី១-សម្រាប់កងកម្លាំង គឺប្រើកម្លាំងខ្លាំង ត្រូវការពេលវេលាយូ និងសុខភាពមាំមួន (តែក៏បើកឲ្យមហាជនចូលរួមដែរ) និងទី២. គឺការប្រកួតបែបមហាជន។ ទាំង២ប្រកួតកីឡានេះ បែងចែកជា៣វិញ្ញាសា ក្នុងនោះវិញ្ញាសាទី១ រត់កុម្ម៉ង់ដូចម្ងាយ៤គីឡូម៉ែត្រ សែងហ្វ្រង់កាចម្ងាយ១,៥គីឡូម៉ែត្រ ទម្ងន់៥០គីឡូក្រាម កាត់ឧបសគ្គ សម្រាប់ប្រភេទកីឡាទី១។ ចំណែកវិញ្ញាសារត់កុម្មង់ ដូចម្ងាយ៣គីឡូម៉ែត្រ សែងហ្វ្រង់កា១គីឡូម៉ែត្រទម្ងន់៥០គីឡូក្រាមកាត់ឧបសគ្គ គឺសម្រាប់អត្តពលិកមហាជន ដែលប្រភេទកីឡាទី២។
កញ្ញា តៃ លីដា តំណាងគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា « កាលពីឆ្នាំមុនការប្រកួតនេះតម្រូវឲ្យមានក្រុមចូលរួមហើយក្រុមនីមួយៗ ត្រូវមានសមាជិក១៥នាក់ តែឆ្នាំនេះយើងតម្រូវឲ្យ ១ក្រុមមានគ្នា១២នាក់។ ចំណែកការដាក់ពិន្ទុ គឺសម្រេចលើថេរវេលា នៃការសម្រេចជាក្រុមតាមក្រុមនីមួយៗ ដែលមកដល់ទីមុនគេ។ យើងមានគណៈកម្មការបច្ចេកទេសដាក់ពិន្ទុច្បាស់លាស់ ហើយរំពឹងថាមហាជនលោកចូលរួមលេងឲ្យបានច្រើន»។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍សូមទៅចុះឈ្មោះឬដាក់ពាក្យចូលរួមនៅទីតាំងមួយចំនួនដូចជានៅស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងភោជនីយដ្ឋាន Once More និងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មការរៀបចំការប្រកួត៕ សារីម