ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា: ទីតាំងកត់ឆ្នោតជាច្រើនកន្លែង និងជាពិសេសកន្លែងមេឆ្នោតឈ្មោះ ទុយ សារ៉ាយ នៅក្នុងផ្សារកាច់ជ្រុង លោកបានបញ្ជាឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ហើយ ។
លោកអភិបាលបានបញ្ជាក់ថា លោកនឹងឲ្យកម្លាំងសមត្ថកិច្ចប្រឹងបង្ក្រាបទីតាំងកត់ឆ្នោតនៅជុំវិញក្រុងតាខ្មៅឲ្យខានតែបាន និងជាពិសេសគឺថ្ងៃទី២៩ ខែវិច្ឆិកា នគរបាលអធិការដ្ឋានក្រុងតាខ្មៅបានបង្ក្រាបពីទីតាំងហើយ។
ប្រជាពលរដ្ឋបានរិះគន់ថា សមត្ថកិច្ចហាក់ព្រងើយកន្តើយក្នុងការចុះបង្ក្រាបទីតាំងល្បែងឆ្នោតកន្ទុយលេខដ៏ធំមួយកន្លែងនៅផ្សារកាច់ជ្រុង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅជុំវិញក្រុងតាខ្មៅ ដោយពួកគេសង្ស័យថា អាចមានអ្វីពីក្រោយខ្នងក្នុងការមិនហ៑ានបង្ក្រាប។
ពលរដ្ឋបានចោទថា ការដែលសមត្ថកិច្ចមិនបង្ក្រាបនេះ វាបង្កទុក្ខសោកដល់ពួកគាត់រាល់ថ្ងៃ ព្រោះសមាជិកគ្រួសាររបស់ពួកគាត់ មិនគិតរកស៊ីអីទេ គិតតែពីរឿងចាក់កន្ទុយលេខ គ្មានលួសថ្ងៃឡើយ។
ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមស ខេង មេត្តាជួយពិនិត្យមើលពីភាពមិនប្រក្រតីរបស់មន្ត្រីក្រោមឱវាទ ដែលបណ្ដែតបណ្ដោយឲ្យកើតមានបទល្មើសនៅក្នុងមូលដ្ឋានដូចករណីខាងលើផង៕ ឆ ដា