ព័ត៌មានទាន់ហេតុការណ៍៖

អាធ្មេញជាមុខសញ្ញាចោរឆក់ជាង១២០លើកនៅភ្នំពេញ តាមរកកន្លះឆ្នាំទើបចាប់បាន

ចែករំលែក៖

ភ្នំពេញ៖ អាធ្មេញគឺជាឈ្មោះហៅក្រៅរបស់មុខសញ្ញាចោរឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដែលតែងតែរត់គេចខ្លួនរួចពីការតមប្រមាញ់របស់សមត្ថកិច្ចនោះ ឥឡូវនេះត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបានរួមជាមួយបក្ខពួក២នាក់ទៀតនាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថរាជធានី ភ្នំពេញ បានយកចិត្តទុកដាក់ ដុតដៃដុត ជើង យ៉ាងខ្លាំង ក្នុងប្រតិបត្តិការពង្រាយ កម្លាំងតាមដានពួនស្ទាក់និងប្រដេញតាម បង្ក្រាបទាំងយប់ទាំងថ្ងៃរហូតបង្ក្រាបចោរឆក់បានជាច្រើនករណី និងបញ្ជូនជន សង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់ជាច្រើននាក់រួចមកហើយ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅសូម្បីតែមេកងរាជ​ អាវុធហត្ថរាជធានីភ្នំពេញគឺលោកឧត្តម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានដេញចាប់​ចោរឆក់ដោយផ្ទាល់រហូតដួលរបួសដៃ​ជើង​ផងដែរ។ ក្រោមការលះបង់កម្លាំង កាយកម្លាំងចិត្តនិងពេលវេលាក្នុងការ ល្បាតពួនស្ទាក់ទាំងយប់ទាំងថ្ងៃ របស់ សមត្ថកិច្ច រហូតមានការប្រថុយប្រថាន អាយុជីវិត ប្រឈមជាមួយគ្រោះថ្នាក់ ក្នុងការប្រដេញតាមចាប់ ក្រុមចោរឆក់ទាំងនេះក៏នៅមានបក្ខពួកចោរឆក់មួយចំនួន តែងរត់គេចខ្លួនរួច ហើយនៅមិនខ្លាចរអា នឹងសមត្ថកិច្ចបង្កើនសកម្មភាពឆក់រឹតតែ ប្រយ័ត្នជាងមុនទៅទៀត ។

ជាក់ស្តែង អាធ្មេញ មានឈ្មោះពេញ ហៅថា សោម ម៉ារ៉ានិត ឬ ហៅ អាខ្មៅ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ១១២ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាបក្ខពួកចោរឆក់យ៉ាងសកម្មម្នាក់ ដែលតែងតែរត់គេចខ្លួនរួចពី ការតាមប្រមាញ់របស់សមត្ថកិច្ច ក្នុង ចំណោមក្រុមចោរឆក់ជាច្រើននាក់ទៀត ដែលសមត្ថកិច្ចបានបង្ក្រាបនិងបញ្ជូនទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ។

ប្រភពដដែលបន្តថា អាធ្មេញ រួមជា មួយបក្ខពួក២នាក់ទៀត ឈ្មោះ សុខ វ៉ា ហៅ ហាក់ វណ្ណឆៃ អាយុ១៦ឆ្នាំ និង ឈ្មោះ ដារ៉ា វិទូ អាយុ១៤ឆ្នាំ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៧ និង១០នាទីយប់ នៅចំណុចផ្លូវលេខ១៧៨ កែងផ្លូវលេខ​១៣ ក្រុម៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌ​ដូនពេញ ខណៈដែលពួកគេមានគ្នា៤នាក់ (រត់រួចម្នាក់) កំពុងធ្វើសកម្មភាព ឆក់​កាបូប​ពីជនជាតិអូស្ត្រាលីឈ្មោះ ដាវីណា អុីសាក់ ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្ស​សាលា ដែលកំពុងដើរតាមផ្លូវជាមួយ មិត្តភក្តិ ។

តាមការស្រាវជ្រាវនិងវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ សោម ម៉ារ៉ានិត ហៅ​ធ្មេញ ហៅខ្មៅ បានសារភាពថា កន្លងមក រូបគេរួមជាមួយបក្ខពួកតែងចេញរកស៊ី (ជិះម៉ូតូឆក់តាមផ្លូវ) ជារៀងរាល់ថ្ងៃ ដោយ​មុនពេលចេញរកស៊ី(ឆក់) ពួកគេ ជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ និង​ ម្តុំ​មុខណាហ្គាវើលដ៍ ឬឌ្រីលែន​ឌ៍ចាស់ ។​រយៈ​កាលកន្លងមកនេះពួកគេចេញ​ឆក់​បាន​​ប្រហែល​ជាង១២០ដង ដោយឆក់​ បានសម្រេចខ្លះមិនបានសម្រេចខ្លះក្នុងនោះមានដូចជាឆក់កាបូបជនបរទេស បានប្រាក់១៤០ដុល្លារ នៅមុខវត្តឧណ្ណា​លោម ឆក់កាបូប បានប្រាក់២៥០ដុល្លារ និងទូរស័ព្ទដៃ២គ្រឿង នៅមុខសាលា​ព្រះស៊ីសុវត្ថិ ឆក់កាបូបបានប្រាក់៤០០​ដុល្លារ និងទូរស័ព្ទ១គ្រឿង នៅផ្លូវនរោត្តម កែងផ្លូវ២១៤ ឆក់បានទូរស័ព្ទ១គ្រឿង នៅផ្លូវ១៧៨ កែងផ្លូវ១៣ ឆក់កាបូប បាន​ប្រាក់​១៥ដុល្លារ និងទូរស័ព្ទ១គ្រឿង នៅ​ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣ ម្តង​ទៀត ឆក់​បាន​ទូរស័ព្ទ១គ្រឿង នៅផ្លូវ​លេខ១៧៨ កែង​ផ្លូវ​១៣ដដែលទៀត ឆក់​​កាបូបបានប្រាក់២៥០ដុល្លារ និង​ទូរស័ព្ទ១គ្រឿង នៅមុខវត្តឧណ្ណាឡោម និងឆក់ជាង១០០ករណីទៀត ច្រើននៅម្តុំក្រោយសាលាព្រះស៊ីសុវត្ថិ ម្តុំមាត់ទន្លេមុខផ្សាររាត្រីនិងម្តុំផ្សារកណ្តាល ៕ ស តារា


ចែករំលែក៖