ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសុខាភិបាលមិនទាន់សងលុយជាង១០ម៉ឺនដុល្លារដល់និស្សិតពេទ្យ៣៣នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ មន្ត្រីសុខាភិបាលខេត្តរតនគិរីប្រមូលលុយពីនិស្សិតពេទ្យ៣៣នាក់ ក្នុងម្នាក់៣.០០០ដុល្លារ ថ្នូរនឹងផ្តល់ការងារមកដល់ពួកគេ ពេលនេះយកលុយអស់ហើយអត់មានការងារ លុយក៏មិនព្រមសង។ ចំណែកប្រធានមន្ទីរសុខាភិបាលថ ករណីនោះជារឿងបុគ្គលទៅវិញ។

ថ្មីៗនេះបែករឿងមន្ត្រីសុខាភិបាលខេត្តរតនគិរីម្នាក់ប្រមូលលុយពីក្រុមនិស្សិតពេទ្យ៣៣នាក់ ក្នុងម្នាក់ៗប្រមាណ៣ពាន់ដុល្លារឡើងទៅថានឹងផ្ដល់ការងារក្របខ័ណ្ឌរដ្ឋ ដល់ពួកគេតែមកដល់ពេលនេះជាច្រើនខែ កន្លងមកហើយលុយក៏អស់ការងារក៏អត់ បានធ្វើ។

ប្រភពព័ត៌មានពីក្រុមនិស្សិតបានឱ្យដឹង ថាកាលពីខែកញ្ញាឆ្នាំ២០១៧មានប្រធាន ការិយាល័យរដ្ឋបាលបុគ្គលិកនៃមន្ទីរសុខា ភិបាលខេត្ដរតនគិរីគឺឈ្មោះជួប និស្ស័យ​ បាន និយាយទៅកាន់ក្រុមនិស្សិតពេទ្យជាង៣០ នាក់ឱ្យចូលធ្វើការងាររដ្ឋប៉ុន្ដែក្នុងម្នាក់ត្រូវ បង់លុយចំនួន៣.០០០ដុល្លារអាមេរិកជា មុន។

ប្រភពដដែលបានឱ្យដឹងទៀតថា ផ្ដើម ចេញពីការនិយាយបញ្ចុះបញ្ចូលនោះនិស្សិត ពេទ្យដែលបានបញ្ចប់ការសិក្សានិងចង់បាន ការងារធ្វើក៏បានចំណាយទ្រព្យធនដែល ខ្លួនមានបង់ទៅឱ្យមន្រ្ដីសុខាភិបាលឈ្មោះ ជួប និស្ស័យ នោះគ្រប់ៗគ្នានិងគ្រប់ចំនួន។ បង់លុយរួចជាច្រើនខែមកនេះពួកគេមិន បានទទួលការងារធ្វើអ្វីឡើយលុះមកដល់ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមនិស្សិតទាំងនោះ បានទៅជួបប្រធានមន្ទីរសុខាភិបាលឱ្យ ជួយជំរុញទៅមន្រ្ដីរបស់ខ្លួនដែលយកលុយ រួចហើយមិនបានផ្ដល់ការងារតាមការ សន្យារបស់ខ្លួន។

ពាក់ព័ន្ធករណីខាងលើលោកជួប និស្ស័យ ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្ដរតនគិរីដែលរង ការចោទប្រកាន់ពីក្រុមនិស្សិតនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កាសែតនគរវត្ដ បានតាមទូរស័ព្ទសុំការបំភ្លឺ ប៉ុន្ដែទូរស័ព្ទ រោទ៍ជាច្រើនដងហើយពុំមានអ្នកលើក។

លោកអ៊ុង រតនា ប្រធានមន្ទីរសុខាភិ បាលខេត្ដរតនគិរីធ្លាប់បានបញ្ជាក់ប្រាប់ អ្នកយកព័ត៌មានឱ្យដឹងតាមទូរស័ព្ទដោយ​ ទទួលស្គាល់ថាមានករណីមន្រ្ដីរបស់លោក បានយកលុយពីក្រុមនិស្សិតពេទ្យមែន ប៉ុន្ដែរឿងនោះមិនពាក់ព័ន្ធជាមួយនឹងអង្គ ភាពនោះទេគឺជារឿងបុគ្គលទៅវិញ។

ប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ បន្ថែមទៀតថា រឿងរ៉ាវទាំងនោះគឺយើង បានបញ្ឈប់លោកជួប​ និស្ស័យ ពីការងារជា បណ្ដោះអាសន្នហើយកាលពីថ្ងៃទី៤ ខែ កញ្ញា និងបានធ្វើកំណត់ហេតុបញ្ជូនទៅឱ្យ ក្រសួងសុខាភិបាលនិងទៅអាជ្ញាធរខេត្ដ រួចហើយដែរដើម្បីមានវិធានការតាមផ្លូវ ច្បាប់។

ករណីនោះបើលោកជួប និស្ស័យ ពាក់ព័ន្ធ ក្នុងការយកលុយពីក្រុមនិស្សិតពេទ្យ៣៣ នាក់ក្នុងម្នាក់ប្រមាណ៣.០០០ដុល្លារមែន គឺបុគ្គលនោះរកលុយសងទៅឱ្យនិស្សិត នោះឱ្យគ្រប់ចំនួនទៅក៏ចប់រឿងអស់ហើយ ចំណែកច្បាប់មន្រ្ដីរាជការជារឿងផ្សេងទៀត។

ប៉ុន្ដែប្រភពពីមន្រ្ដីសុខាភិបាលបាន បង្ហើបឱ្យដឹងថារឿងប្រធានការិយាល័យរដ្ឋ បាលនិងបុគ្គលិកមន្ទីរសុខាភិបាលខេត្ដ រតនគិរីដែលហ៊ានប្រព្រឹត្តអំពើពុករលួយ បានបែបនេះគឺសង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ ព្រោះឆ្នាំ២០១៧នេះក្រសួង សុខាភិបាលមិនមានគោលការណ៍ជ្រើស រើសបុគ្គលិកណាម្នាក់ឱ្យបម្រើការងាររដ្ឋអ្វី នោះទេ ប៉ុន្ដែមន្រ្ដីសុខាភិបាលម្នាក់នោះ នៅសុខៗក៏នឹកឃើញជ្រើសរើសបុគ្គលិក ទាំងនោះឡើងដើម្បីប្រមូលលុយរាប់ម៉ឺន ដុល្លារទៅចែកគ្នាដោយស្រួលៗទៅវិញ។

រឿងប្រព្រឹត្តអំពើពុករលួយនេះថ្នាក់ដឹក នាំនៅមន្ទីរសុខាភិបាលគួរតែមានចំណែកណាមួយក្នុងការទទួលខុសត្រូវតាមផ្លូវច្បាប់ មិនមែនសងលុយគេហើយរួចខ្លួនដោយ ងាយៗនោះទេ។ បើមានករណីធ្ងន់ធ្ងរអ៊ីចឹង រួចសងលុយគេហើយគ្មានទោសទណ្ឌ នោះអ្នកណាក៏អាចធ្វើបានដែរ។ រឿងនេះ ក្រុមនិស្សិតដែលរងគ្រោះក៏បាននាំគ្នាជិត ៤០នាក់ទៅបំភ្លឺនៅស្នងការដ្ឋានខេត្ដ ដើម្បី ឱ្យជួយអន្ដរាគមន៏ក្នុងរឿងនេះដែរ។

ប្រភពពីមន្រ្ដីនគរបាលយុត្ដិធម៌ខេត្ដ រតនគិរីបានឱ្យដឹងដែរថាករណីខាងលើ ក្រោយពីសាកសួរជនរងគ្រោះរួចហើយក៏ បានកោះហៅលោកជួបនិស្ស័យចំនួនពីរដង មកហើយដើម្បីឱ្យចូលមកបំភ្លឺប៉ុន្ដែចុងចោទ មិនបានចូលខ្លួនតាមការអញ្ជើញឡើយ។ រឿងនេះនឹងកសាងសំណុំរឿងដាក់ទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវីធី។

ប្រភពពីមន្រ្ដីពេទ្យបានបន្ថែមថា នៅ ចំពោះមុខច្បាប់លោកជួប និស្ស័យ ប្រហែល មិនព្រមរែកពុនសំណុំរឿងដ៏ធ្ងន់នោះតែម្នាក់ ឯងឡើយគឺអាចនឹងទាញអ្នកដែលជាប់ពាក់ ព័ន្ធជាច្រើននាក់ទៀតឱ្យចូលទៅទទួល ទោសជាមួយដែរ។

គួររំលឹកថាកាលពីឆ្នាំ២០១៦មន្ទីរពេទ្យ ខេត្ដរតនគិរីមានករណីបើកដៃឱ្យចោរបើក រថយន្ដទំនើបចូលដឹកថ្នាំពេទ្យនៅក្នុងឃ្លាំង ជាច្រើនកេសរួចមកបែកធ្លាយករណីផ្អឹបប្រាក់ បេសកកម្មរបស់បុគ្គលិកចំនួន១០២លាន រៀលនិងប្រាក់ទិញសម្ភារផ្សេងៗចំនួន ២២.០៩២.០០លានរៀលទៀតគឺគេកិប កេងទ្រព្យសម្បត្ដិរបស់រដ្ឋទាំងនោះយក ទៅចែកគ្នាធ្វើមានបាន។

កាលនោះខាងក្រសួងសុខាភិបាល បានចាត់កម្លាំអធិការកិច្ចរបស់ខ្លួនឱ្យចុះ មកស៊ើបអង្កេតម្ដងជាពីរដងដែរ។ ប៉ុន្ដែ រហូតមកដល់ពេលនេះមន្រ្ដីខិលខូចគឺហាក់ នៅមិនទាន់បានវែកមុខយកមកឱ្យទទួល ទោសតាមច្បាប់នៅឡើយទេ។

នៅឆ្នាំ២០១៧នេះប្រធានការិយាល័យ រដ្ឋបាលនិងបុគ្គលិកនៅមន្ទីរសុខាភិបាល ខេត្ដរតនគិរីក៏បានបង្កើតចលនាជ្រើសរើស បុគ្គលិកចំនួន៣០ទៅ៤០នាក់ឱ្យចូលបម្រើ ការងារខ្យល់ក្នុងក្របខ័ណ្ឌរដ្ឋក្នុងបំណង យកលុយចែកគ្នាប្រព្រឹត្តអំពើពុករលួយ ទៀត។

មន្រ្ដីពេទ្យដែលស្អាតស្អំជាច្រើននាក់ នៅខេត្ដរតនគិរីសំណូមពរទៅរដ្ឋមន្រ្ដីក្រសួង សុខាភិបាលក៏ដូចអង្គភាពប្រឆាំងអំពើពុក រលួយឱ្យមានការត្រួតពិនិត្យករណីដូចខាង លើឱ្យបានទាន់ពេលវេលាដើម្បីកុំឱ្យមន្រ្ដី អាក្រក់មួយចំនួនបន្ដលាក់ខ្លួននៅក្នុងអង្គ ភាពមួយនេះកេងប្រវ័ញ្ចទ្រព្យសម្បត្ដិរដ្ឋ តទៅទៀត។ថ្មីៗ នេះសម្ដេចនាយករដ្ឋមន្រ្ដី បានលើកឡើងថាមុនបោះឆ្នោតឆ្នាំ២០១៨ មន្រ្ដីរាជការត្រូវបង្កើនការយកចិត្ដទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អនិង មិនអនុញ្ញាតឱ្យមានអំពើពុករលួយកើតមានឡើយ៕ សាយប៉ូច


ចែករំលែក៖