ប្រទេសចិន៖ ក្រោយចប់នៃការចូលរួមកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្ដ និងបក្សនយោបាយលើពិភពលោករួចមក នៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីមហាយក្សចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង។
បើទោះបីពុំទាន់មានលទ្ធផល នៃជំនួបទ្វេភាគីរវាងមេដឹកនាំកំពូល កម្ពុជា-ចិន តែប្រធានបទដែលត្រូវបានគេដឹងជាទូទៅនោះ គឺការពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀត ដូចអ្វីដែលមេដឹកនាំទាំង២ បាននិងកំពុងអនុវត្ត។
សូមបញ្ជាក់ថា កិច្ចសន្ទនារវាងបក្សកុម្មុនីស្តចិន និងបក្សនយោបាយនានាមកពីលើពិភពលោក គឺជាកិច្ចសន្ទនាមួយដែលរៀបចំឡើងដោយប្រទេសចិន ហើយនេះក៏ជាកិច្ចសន្ទនាលើកដំបូងផងដែរ។
កិច្ចសន្ទនានេះធ្វើឡើងក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ និងពិភពលោកដ៏ស្រស់ត្រកាល៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។
សម្តេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចសន្ទនាដ៏មានសារៈសំខាន់នេះផងដែរ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាអញ្ជើញ ទៅចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយមកពីជុំវិញពិភពលោក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។
តាមការគ្រោងទុកសម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ដោយហោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបតែម្តង ដើម្បីចូលរួមពិធីបួងសួងសូមសេចក្តីសុខ និងសេចក្តីចម្រើនជូនជាតិកម្ពុជានៅមុខប្រាសាទអង្គរ ដែលនឹងធ្វើឡើងនៅមុខប្រាសាទអង្គរ៕ សុខ ខេមរា