ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ជូនក្រុមចោរ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច(ម៉ូតូ) និងទទួលផលចោរកម្ម។
ជនសង្ស័យទាំង ០៤នាក់នេះ មាន៖ ១/ ឈ្មោះ ទ្រី សម្ភស្ស ភេទប្រុស អាយុ ៣២ឆ្នាំ , ២/ ឈ្មោះ នៅ ពន្លឺ ហៅ ពៅ ភេទប្រុស អាយុ ៣០ឆ្នាំ , ៣/ ឈ្មោះ វេង ទៀងគី ហៅ ទៀង ភេទប្រុស អាយុ ២៨ឆ្នាំ , ៤/ ឈ្មោះ លី គឹមហាក់ ភេទប្រុស អាយុ ២៩ឆ្នាំ ។
គួររំលឹកដែរថា៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧:០០នាទី កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆែកឆេរ នៅចំណុចផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ ទ្រី សម្ភស្ស ភេទប្រុស អាយុ ៣២ ពាក់ព័ន្ធករណីលួចម៉ូតូជាច្រើនលើកក្នុងរាជធានីភ្នំពេញ និងបន្តឃាត់ខ្លួនបក្ខពួក០៣នាក់ទៀតជាបន្តបន្ទាប់ ក្នុងថ្ងៃជាមួយគ្នា។
តាមការស្រាវជ្រាវនិងវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពឲ្យដឹងថា៖
១-ឈ្មោះ ទ្រី សម្ភស្ស ធ្លាប់ជាប់ពន្ធនាគារ ០១លើក ពីបទលួចម៉ូតូ ហើយចេញពីពន្ធនាគារវិញ ក្នុងឆ្នាំ២០១៦។ បន្ទាប់ពីចេញពីពន្ធនាគារមកវិញ រូបគេនៅតែធ្វើសកម្មភាពលួចម៉ូតូបន្តទៀត បានចំនួន ០៤លើក៖ លើកទី១ លួចបានម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ ២០១១ នៅចំណុចម្តុំរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយរូបគេធ្វើសកម្មភាពលួច ជាមួយឈ្មោះ ពៅ ហើយយកទៅលក់បានតំលៃ ១០០ដុល្លាអាមេរិក ចែកគ្នាស្មើ។ លើកទី២ លួចបានម៉ូតូ ០១គ្រឿង ម៉ាក វ៉េវ ពណ៍ក្រហម នៅម្តុំវត្តអង្គតាមិញ ភូមិចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាមួយឈ្មោះ ពៅ ដដែល និងយកទៅលក់បានតម្លៃ ៦០ដុល្លាអាមេរិក ចែកគ្នាស្មើ។ លើកទី៣ លួចបានម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ នៅចំណុចម្តុំផ្សារដីហុយ ខណ្ឌសែនសុខ ដោយរូបគេបានធ្វើសកម្មភាពលួច ជាមួយឈ្មោះ ភ័ក្រ និងយកទៅលក់បានតម្លៃ ២០០ដុល្លាអាមេរិក ដោយរូបខ្លួនទទួលប្រាក់បានតែ ៥០ដុល្លាអាមេរិក ប៉ុណ្ណោះ។ លើកទី៤ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លួចបានម៉ូតូ ០១គ្រឿង ម៉ាក វ៉េវ ពណ៍ក្រហម មិនចាំស្លាកលេខ នៅចំណុចភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយរូបគេធ្វើសកម្មភាពឆក់ជាមួយ ឈ្មោះ ភ័ក្រ ដដែល តែមិនដឹងថាឈ្មោះ ភ័ក្រ នោះលក់បាន ម្លៃប៉ុន្មាននោះទេ ដោយឃើញតែឈ្មោះ ភ័ក្រ ឲ្យប្រាក់មកខ្លួនតែ ៣០ដុល្លាអាមេរិក តែប៉ុណ្ណោះ។
២- ឈ្មោះ នៅ ពន្លឺ ហៅ ពៅ បានប្រាប់ឲ្យដឹងថា រូបគេក៏ធ្លាប់ជាប់ពន្ធនាគារព្រៃ ស ចំនួន០២ដងដែរ។ លើកទី១ជាប់គុក រយៈពេល ០៨ខែ ពីបទ លួច កាលពីឆ្នាំ២០១៦ ហើយបានចេញមកវិញក្នុងឆ្នាំ២០១៧។ ពេលចេញពីពន្ធនាគារមកវិញ ខ្លួន និងប្អូនប្រុស ឈ្មោះ ណៃ ណារិន បានធ្វើសកម្មភាពលួចលុយក្នុងផ្សារកាណាស៊ីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាក់ចំនួន ១៦ម៉ឺនរៀល ហើយរូបគេបានបន្តសកម្មភាពលួច ស្រាបៀរ ០៦កំប៉ុង និងប្រាក់ចំនួន ៤០ម៉ឺនរៀលទៀត តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការម្តងទៀត ត្រូវជាប់គុកជាលើកទី២ ពេលចេញពីពន្ធនាគារ នៅក្នុងឆ្នាំ២០១៧ ដដែល រូបគេនិងបក្ខពួកឈ្មោះ ភ័ស្ត បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចចំនួន ០៥លើក ហើយកន្លែងពួកគេធ្វើសកម្មភាពលួច នៅម្តុំកាណាស៊ីធី , កាណាឌីយ៉ា , រោងចក្រ ០៦ជាន់ ដោយលួចបានម៉ូតូចំនួន ០៥គ្រឿង ហើយពួកគេបានយកទៅលក់ទាំងអស់ ។
៣- ឈ្មោះ វេង ទៀងគី ហៅ ទៀង បានឲ្យដឹងដូចគ្នាថា រូបគេក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០៣ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ ២០១៤មកម៉្លេះ ពីបទ លួចទូរស័ព្ទដៃ។ ក្រោយពេលចេញពីពន្ធនាគារវិញ រូបគេជាមួយបក្ខពួកបានបន្តមុខរបរដើរលួចជាហូហែរ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ រូបគេ ជាមួយឈ្មោះនៅ ពន្លឺ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក វ៉េវ ហើយយកទៅលក់បានតម្លៃ ២២០ដុល្លាអាមេរិក ហើយពួកគេបានបន្តធ្វើសកម្មភាពលួច ម៉ូតូ ម៉ាក ហ្វីណូ បាន ០១គ្រឿងទៀត យកទៅបញ្ចាំនៅកន្លែងហេ្គមបាញ់ត្រី នៅម្តុំត្រឡោកបែក បានប្រាក់ ១៦ម៉ឺនរៀល លុះរហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈពេលដែលខ្លួនកំពុងសំងំជក់គ្រឿងញៀន នៅក្នុងបន្ទប់ជួលជាមួយបក្សពួក ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថ ចូលមកឃាត់រូបខ្លួនតែម្តង។
៤- ឈ្មោះ លី គឹមហាក់ បានប្រាប់ឲ្យដឹងថា រូបគេជាអ្នកទិញម៉ូតូ គ្មានស្លាក់លេខ ពីឈ្មោះ ភ័ស្ភ និងបក្ខពួកក្រុមចោរ ក្នុងតម្លៃ ថោកៗ ដោយពុំមានលិខិតស្នាមអ្វីនោះទេ ហើយយកម៉ូតូទាំងនោះទៅលក់ឲ្យអ្នកដទៃផ្សេងទៀត ដែលមិនស្គាល់អត្តសញ្ញាណ ដោយពុំមានលិខិតស្នាមដូចកាលទិញមកដែរ ៕ ស តារា