ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗ​ !​ តុលាការដោះលែងអនុប្រធាននាយកដ្ឋានក្រសួងសង្គមកិច្ច ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ម្នាក់​ ,​ ជនរងគ្រោះ​សុំ​អន្តរាគមន៍​ទៅ​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​សែន​

ចែករំលែក៖

ភ្នំពេញ​៖​ ជនត្រូវចោទ​ឈ្មោះ​ ប្លង់​ ពិសិដ្ឋ​ ជា​អនុប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​ស្តារ​នីតិសម្បទា​ ជាប់​ចោទ​ពី​បទ​”ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​”​ពាក់ព័ន្ធ​ការ​វាយ​បោច​សក់​ ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ផ្អើល​មជ្ឈដ្ឋាន​ទូទៅ​ ត្រូវ​បាន​លោក​ ឌុច​ សុខ​សារិន​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​។​ ភាគី​ជនរងគ្រោះ​ យល់​ថា​ ការ​សម្រេច​នេះ​ មិន​ប្រក្រតី​ និង​ អាច​បង្កប់​ភាព​អាថ៌កំបាំង​ ពោលគឺ​ ជា​និទណ្ឌ​ភាព​ ដែល​ជន​ប្រព្រឹត្ត​បទល្មើស​តែ​ពុំ​ត្រូវ​បាន​ទទួល​ទោស​ ។

មន្ត្រី​តុលាការ​បង្ហើប​ឱ្យ​ដឹង​នៅ​ថ្ងៃទី​០៦​ ខែ​ធ្នូ​ ថា​ មូលហេតុ​នៃ​ការ​អនុញ្ញាត​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ នេះ​ គឺ​ ជនត្រូវចោទ​ ប្លង់​ ពិសិដ្ឋ​ ដាក់​ប្រាក់​តម្កល់​ចំនួន​២០០០ដុល្លារ​អាមេរិក​ មាន​ទីលំនៅ​ច្បាស់លាស់​ និង​ មុខរបរ​ត្រឹមត្រូវ​ ។

កន្លង​មក​ គ្រួសា​​ររបស់​ជនត្រូវចោទ​ ប្លង់​ ពិសិដ្ឋ​ សរសេរ​នៅក្នុង​ហ្វេសប៊ុក​ ថា​ “គេមានប្រាក់ មានអំណាច គ្មានការចរចា ឬសុំទោសជនរងគ្រោះឡើយ គេសុខចិត្តបោះនុយ​ឲ្យក្រពើ​ស៊ី​តែមិនសុំទោសជនរងគ្រោះដាច់ខាត​”​ ។

ក្រោយ​មក​ ប៉ុន្មាន​ថ្ងៃ​ លោក​ ឌុច​ សុខ​សារិន​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ អនុញ្ញាត​ឲ្យ​ជនត្រូវចោទ​ ប្លង់​ ពិសិដ្ឋ​ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​តែ​ម្តង​ ។​

នារី​រងគ្រោះ​ក្នុងរឿងក្ដីនេះ សូម​អន្តរាគមន៍​ដល់​ លោក​ អង្គ​ វង្ស​ វឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ជា​ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុន​សែន​ មេត្តា​ជួយ​រក​យុត្តិធម៌​ក្នុង​រឿង​ក្ដី​នេះ​ផង​ ។​

គួររំលឹកថា លោក ប្លង់ ពិសិដ្ឋ ត្រូវបាន​ឃាត់ខ្លួន​ដាក់​ពន្ធនាគារ​ កាលពី​ថ្ងៃទី​០៨​ ខែ​តុលា​ ឆ្នាំ​២០១៧​ នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ ឬ​ ប៉េហ្ស៊ី​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​”​តាម​មាត្រា​២១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ៕ ចេស្តា


ចែករំលែក៖