ខេត្តកំពង់ស្ពឺ ៖ ដោយចង់ពង្រឹងលើវិស័យព្យាបាលជំងឺលើវិស័យឯកជននានាតាមវណ្តាស្រុកក្នុងខេត្តកំពង់ស្ពឺឲ្យកាន់តែមានប្រសិទ្ឋភាពក្រុមការងារនៃគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យតាមឱសថដ្ឋាននានាក្នុងខេត្តកំពង់ស្ពឺ ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ បានចំនួន៣ស្រុក ក្នុងនោះពិនិត្យរកឃើញឱសថដ្ឋានគ្មានច្បាប់តែចំនួន៣កន្លែង រួចបានធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មបណ្តោះអាសន្ន។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិតសាយ សាវីអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចូលរួមដោយលោកអភិបាលរងស្រុកគងពិសី មន្ត្រីតំណាងខេត្ត មន្ត្រីការិយាល័យនគរវាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កងកម្លាំងរាជអាវុធ ហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះសមត្ថកិច្ចចម្រុះ បានពិនិត្យចំនួន៣ស្រុកគឺស្រុកបរសេដ្ឋចំនួន៤កន្លែងដោយឱសថដ្ឋានទាំងនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ស្រុកសំរោងទង១ កន្លែង គ្មានច្បាប់អនុញ្ញាតទេ ដោយម្ចាស់ឱសថដ្ឋានមាន ឈ្មោះឈៀង រស្មី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិវាលវង់ ឃុំសែនដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ចំណែកនៅស្រុកគងពិសី គណៈកម្មការ ពិនិត្យបាន២៩កន្លែង រកឃើញឱសថដ្ឋានគ្មានច្បាប់ចំនួន២កន្លែង ទី១ឈ្មោះអុឹម សុខលី ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិសាយ៉ាវ ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ទី២ឈ្មោះខៀវ កុសល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពដដែលបន្តទៀតថា ក្រោយពីពិនិត្យរកឃើញឱសថដ្ឋានគ្មានច្បាប់រួចមក គណៈកម្មការ បានឲ្យម្ចាស់ទីតាំងខុសច្បាប់ទាំង៣កន្លែង ធ្វើកិច្ចសន្យា និងធ្វើការអប់រំ រួចបានដកហូតឱសថគ្មានបញ្ជីកា និងហួសកាលបរិច្ឆេទចំនួន៩មុខ យកមករក្សាទុកនៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដើម្បីពិន័យតាមច្បាប់៕ សេនាស័ក្តិ