កាលពីថ្ងៃទី៥ ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទូរស័ព្ទពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដោយលោកបានប្រកាសពីគោលបំណងរបស់អាមេរិក ក្នុងការប្តូរទីតាំងស្ថានទូតពីទីក្រុងតែលអាវី ប្រទេសអុីស្រាអែលទៅកាន់ទីក្រុង ហ្ស៊េរុយសាឡឹម វិញ។
ការិយាល័យប្រធានាធិបតីប៉ាឡេស្ទីនបានបញ្ជាក់ថា ប្រមុខដឹកនាំប៉ាឡេស្ទីនបានបញ្ជាក់ថា សកម្មភាពប្តូរស្ថានទូតរបស់អាមេរិកគឺជារឿងគ្រោះថ្នាក់ និងជាការបំផ្លាញដល់សន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនៅលើពិភពលោកទាំងមូល។
មន្ត្រីអាមេរិកបានបញ្ជាក់ថា លោក ត្រាំ អាចនឹងប្រកាសពីសកម្មភាពខាងលើ នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។ សកម្មភាពរបស់លោក ត្រាំ គឺជាការទទួលស្គាល់ទីក្រុង ហ្ស៊េរុយសាឡឹម ជារបស់អុីស្រាអែលស្របច្បាប់។
ប្រភពព័ត៌មានពីសេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកនឹងពន្យារពេលប្តូរស្ថានទូតក្នុងរយៈពេល៦ខែតាមច្បាប់កំណត់។
សកម្មភាពខាងលើរបស់អាមេរិករងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសអារ៉ាប់។ អគ្គលេខាធិការប្រទេសសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit បានជំរុញឲ្យអាមេរិកពិចារណាឡើងវិញ មុននឹងសម្រេចចិត្តដ៏គ្រោះថ្នាក់ខាងលើ។
សម្ព័ន្ធអារ៉ាប់កាលពីថ្ងៃទី៥ ខែធ្នូ បានព្រមានអាមេរិកសាជាថ្មីម្តងទៀតថា ការទទួលស្គាល់ ហ្ស៊េរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល មានន័យស្មើនឹងការរំលោភឈ្លានពានអារ៉ាប់។ នៅថ្ងៃអង្គារ នៅក្នុងកិច្ចប្រជុំបន្ទាន់ នៃអ្នកតំណាងបណ្តាប្រទេសអារ៉ាប់ នៅទីក្រុងគែរ សម្ព័ន្ធអារ៉ាប់បានយល់ស្របគ្នាពីផលវិបាកដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ដែលកើតឡើង បើសិនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ហ្ស៊េរុយសាឡឹមជារដ្ឋធានីអីគស្រាអែល។
ប្រធានាធិបតីទួរគីឯណោះវិញ បានព្រមានកាត់ផ្តាច់ទំនាក់ទំនងជាមួយ អ៊ីស្រាអែល បើសិនអាមេរិកចាត់ទុកហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ សម្រាប់លោក រេស៊ីប អ៊ែរដូហ្កាន ហ្ស៊េរុយសាឡឹម ជានិមិត្តរូបខ្សែបន្ទាត់ក្រហមចុងក្រោយ សម្រាប់ប្រជាជនកាន់សាសនាអ៊ិស្លាម។ ប្រមុខការទូតសហភាពអឺរ៉ុប Federica Mogherini វិញ បានអំពាវនាវឲ្យគេជៀសវាងកុំធ្វើសកម្មភាពទាំងឡាយណាដែលអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា។ នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រេច ធីល័រសុន នៅថ្ងៃទី៥ ខែធ្នូ លោកស្រីប្រមុខការបរទេសអឺរ៉ុបបានបញ្ជាក់ថា គេត្រូវចរចាដោះស្រាយរួមគ្នា ដើម្បីបញ្ជាក់ពីអនាគតរបស់ទីក្រុង ហ្ស៊េរុយសាឡឹម ពោលគឺធ្វើយ៉ាងណាអាចបំពេញចិត្ត ភាគីជម្លោះទាំង២ ប៉ាឡេស្ទីន និងអ៊ីស្រាអែលឲ្យស្រុះស្រួលគ្នា។
នៅមុនការដាក់សម្ពាធ និងការព្រមានពីសម្ព័ន្ធអារ៉ាប់ប្រធានាធិបតី បារាំង លោក អេមម៉ានូអែល ម៉ាក្រុង នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧ បានទូរស័ព្ទទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបង្ហាញកង្វល់របស់បារាំង បើសិនអាមេរិកប្រកាសជាឯកតោភាគីទទួលស្គាល់ ហ្ស៊េរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។
តាមគម្រោងថ្ងៃត្រូវប្រកាសបញ្ជាក់ជំហររបស់អាមេរិកនៅក្នុងរឿងរើស្ថានទូតអាមេរិក ទៅនៅ ហ្ស៊េរុយសាឡឹម ត្រូវធ្លាក់ចំថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ ប៉ុន្តែ លោក ដូណាល់ ត្រាំ ធ្លាប់បានបដិសេធមិនរើស្ថានទូតអាមេរិកទៅនៅ ហ្ស៊េរុយសាឡឹម ម្តងហើយ កាលពីខែមិថុនា បានពន្យារពេលមិនទាន់បង្ហាញឲ្យដឹងពីជំហររបស់លោក។
តាមកាសែតក្នុងស្រុកអាមេរិក លោក ដូណាល់ ត្រាំ ដែលស្ថិតនៅក្រោមសម្ពាធរបស់ក្រុមអ្នកនយោបាយគាំទ្រអ៊ីស្រាអែល ទំនងជាមិនរើស្ថានទូតអាមេរិកទៅនៅហ្ស៊េរុយសាឡឹមនោះទេ ប៉ុន្តែអាចប្រកាសទទួលស្គាល់ហ្ស៊េរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែល។ សម្រាប់អ្នកនាំពាក្យរបស់សេតវិមាន លោក ដូណាល់ ត្រាំ មានជំហរច្បាស់ណាស់ ពីរឿងរើទីតាំងស្ថានទូតអាមេរិកទៅនៅហ្ស៊េរុយសាឡឹម ហើយបញ្ហានៅត្រង់ថា គឺនៅពេលណាតែប៉ុណ្ណោះ៕ ម៉ែវ សាធី