ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហង់ដាឌ្រីម០១៦ ចេញពីផឹកសុីស្រវឹងស្រាជាខ្លាំង ត្រូវបានក្រុមជនសង្ស័យឃើញឱកាសល្អ ធាក់ប្លន់យកទៅបាត់ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស.២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ ក្បែរនិងផ្សារបេសេ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
បើតាមសម្ដីបុរសមា្នក់មានឈ្មោះទូច ម៉ៅ អាយុ43ឆ្នាំ មុខរបរជាមេការសំណង់ ស្នាក់នៅម្ដុំលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ រាធានីភ្នំពេញ និងមានស្រុកកំណើនៅភូមិព្រៃចា ឃុំព្រៃចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាម្ចាស់ម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរី2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Q-9379 បានប្រាប់ឲ្យដឹងថា មុននិងបាត់ម៉ូតូរបស់គាត់ គឺគាត់បានផឹកសុីជាមួយក្រុមការងារនៅការដ្ឋានក្បែរភោជនីយដ្ឋាន 168 ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ក្រោយពីផឹកសុីចប់ រូបគាត់បានជិះម៉ូតូម្នាក់ឯងទាំងស្ថានភាពស្រវឹងស្រា ហើយបំរុងទៅផ្ទះវិញនៅម្ដុំលូប្រាំ ដោយធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវ៣៧១ ខណៈទៅដល់កន្លែងកើតហេតុ ក៏ត្រូវក្រុមជនសង្ស័យមានគ្នា៤នាក់ ដោយមានខ្លះជិះម៉ូតូ ខ្លះទៀតជិះកង់ បានមកធ្វើសកម្មភាពធាក់រូបគាត់ពីលើម៉ូតូ ហើយលើកយកម៉ូតូរបស់គាត់នាំគ្នាគេចខ្លួនបាត់ស្រមោល ។
ក្នុងអំឡុងកើតហេតុនោះ ក៏មានប្រជាពលរដ្ឋបានឃើញ ហើយទំនាក់ទំនងទៅវិទ្យុ ABC ដើម្បីឲ្យជួយរាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍ តែចុងក្រោយជនរងគ្រោះ ត្រូវបានអ្នកសារព័ត៌មានដឹកយកទៅដាក់ពាក្យបណ្ដឹងក្នុងប៉ុស្ដិ៍នគរបាលបឹងទំពុន២ ដោយសមត្ថកិច្ចបានត្រឹមតែសាកសួរ និងទទួលពាក្យបណ្ដឹងតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋក៏បានលើកឡើងដែរថា នៅម្ដុំកន្លែងកើតហេតុខាងលើនេះ គេសង្កេតឃើញនៅពេលយប់តែងតែមានក្រុមក្មេងស្ទាវជាច្រើនជិះម៉ូតូនិងដើរតាមផ្លូវទៅវិញទៅមក ហើយក៏ធ្លាប់មានករណីឆក់ និងប្លន់ជាញឹកញាប់ផងដែរ ពុំដែលឃើញសមត្ថកិច្ចបង្ក្រាបបានភ្លាមៗនោះទេ ៕ ភារ៉ា ដង្កោ