ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ចូលម៉ាស៊ីនផលិតក្រដាសកិនស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសជនជាតិចិនម្នាក់ជាប្រធានសិប្បកម្មផលិតក្រដាសបានភ្លាត់ស្នៀតចូលទៅក្នុងម៉ាស៊ីនផលិតក្រដាស បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយក្រោយពេលកើតហេតុ១យប់១ថ្ងៃ ទើបធ្លាយព័ត៌មានខាងលើនោះដល់នគរបាលចុះទៅពិនិត្យធ្វើកោសល្យវិច័យ។

ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងសិប្បកម្មផលិតក្រដាស ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះTUO YANGJIAN អាយុ៣៩ឆ្នាំ ជនជាតិចិន និងជាថៅកែសិប្បកម្ម កាន់លិខិតឆ្លងដែន លេខ E67902458 ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានត្រួតពិនិត្យ ម៉ាស៊ីនផលិតក្រដាសដែលគាំង ហើយខណៈកំពុងលូកដៃទាញ ក្រដាសចេញ។ ស្រាប់តែម៉ាស៊ីនដំណើរការឡើងវិញ បណ្ដាលឲ្យគាប និងកិនទាំងដៃ និងខ្លួនប្រាណដូចគេគាបទឹកអំពៅស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។

ក្រោយពេលកើតហេតុសាកសពត្រូវបានបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យដោយស្ងាត់ៗ មិនបានរាយការណ៍ជូននគរបាលប៉ុស្ដិ៍ឬខណ្ឌបានដឹងនោះឡើយ រហូតដល់វេលាម៉ោងជាង១០ព្រឹកថ្ងៃទី៨ ខែធ្នូ ទើបនគរបាលបានដឹង និងចុះទៅពិនិត្យកោសល្យវិច័យ៕ សុខាសែនជ័យ


ចែករំលែក៖