ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបំផ្លាញមធ្យោបាយដឹកជញ្ជូនឈើឆ្លងទឹកស្ទឹង និងអប់រំម្ចាស់៤នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកងកម្លាំងចុះបង្រ្កាបមធ្យោបាយដឹកជញ្ជូនឈើឆ្លងទឹកស្ទឹងដោយគ្មានលិខិតអនុញាត និងអប់រំដល់ម្ចាស់ឧបករណ៍ជាមធ្យោបាយដឹកជញ្ជូនផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅមាត់ទឹកស្ទឹងត្រង់ចំណុចច្រកព្រាល ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា លទ្ធផល៖ កម្លាំងបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ដើម្បីយកមកសាកសួរ ហើយអ្នកទាំង ០៤នាក់នេះជាម្ចាស់មធ្យោបាយ(ក្បូន) ដែលមានទំហំប្រវែង ០៣ម៉ែត្រ គុណនឹងប្រវែង ០៤ម៉ែត្រ ចំណែកម្ចាស់សាឡាងទំហំប្រវែង ០៤ម៉ែត្រ គុណនឹងប្រវែង ០៧ម៉ែត្រ បានរត់គេចបាត់ស្រម៉ោលនៅគ្រាចុះទៅបង្រ្កាប។

ប្រភពព័ត៌មានខាងលើបន្តថា ចំពោះករណីនេះក្បូន និងសាឡាងចំនួន ០២គ្រឿងដែលបានបង្រ្កាប ជាមធ្យោបាយដឹកជញ្ជូនឈើឆ្លងទឹកស្ទឹងដោយគ្មានលិខិតអនុញាត ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ចំពោះម្ចាស់ក្បូនទាំង ៤នាក់បានអប់រំលាយលាក់ជាអក្សត្រឹមត្រូវ ទើបឲ្យពួកគាត់វិលត្រឡប់ទៅលំឋានរៀងៗខ្លួនវិញ។

គួររំលឹកផងដែរថា៖ ការបង្រ្កាបក្បូន និងសាឡាងជាមធ្យោបាយដឹកជញ្ជូនឈើឆ្លងទឹកស្ទឹងដោយគ្មានលិខិតអនុញាត និងឈានដល់ឃាត់ខ្លួនម្ចាស់ខ្លះនេះ ធ្វើឡើងក្រោយពេលកម្លាំងចុះបង្រ្កាបបទល្មើសព្រៃឈើ ខណៈដែលឃាត់ខ្លួនជនកំពុងប្រព្រិត្តជាក់ស្ដែងចំនួន ២នាក់ រួមទាំងវត្ថុតាង(រណាយន្ត) ហើយជនសង្ស័យទី១ ឈ្មោះ អ៊ូម ញ៉ាតសៃ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ សូរ ចាន់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់ រស់នៅភូមិប៉ាក់កែ ឃុំវឺុនសៃ.ស្រុកវឺុនសៃ ខេត្តរតនគីរី កាលពីថ្ងៃ ១៤កើត ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧៕ បឹុម ពិន


ចែករំលែក៖