ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះឈើ១ខ្នងអគ្គិភ័យឆាបឆេះអស់ទាំងស្រុងសង្ស័យបណ្ដាលមកពីផ្ទុះអាគុយ

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ ផ្ទះឈើប្រក់ស្បូវ ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះម៉ត់ ត្រូវបានគេសង្ស័យបណ្ដាលមកពីផ្ទុះអាគុយ នៅគ្រាដែលម្ចាស់ផ្ទះជាប់រវល់មិននៅផ្ទះ។
 ហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងខាងលើ បានកើតឡើងនារសៀល ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ១០ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខ្មោចលាវ ស្ថិតក្នុងភូមិត្រាំងគោគ ខុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
 លោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោកបានឲ្យដឹងថា ផ្ទះត្រូវបានអគ្គីភ័យឆាបឆេះសង់អំពីឈើមានទំហំ ០៤ម៉ែត្រ គុណនឹង ០៧ម៉ែត្រ ដំបូលប្រក់ស្បូវ ជញ្ជាំងបាំងស្បូវ និងរនាបក្រាលក្តា ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ប៉ុន្តែពុំមានបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។
លោកបន្តថា ម្ចាស់ផ្ទះឈ្មោះ ផ្អ ផ្អេន ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ហ៊ុន លេង អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅឹ.ឃុំកើតហេតុខាងលើ គាត់បានរាបរបខ្លះៗសម្ភារ និងឯកសារការខូចខាតរួមមាន,ស្រូវចំនួន ០៨ការុង សំលៀកបំពាក់ ចានឆ្នាំងអស់ទាំងស្រុង អត្តសញ្ញាណប័ណ្ណជាតិខ្មែរចំនួន ០២សន្លឹក សៀវភៅគ្រួសារចំនួន ០១ក្បាល អត្រាកូលដ្ឋាន(សំបុត្របញ្ជាក់កំណើត)ចំនួន ០៦សន្លឹក និងឯកសារយោធិនចូលនិវត្តន៍មួយចំនួន។
ប្រភពបន្តទៀតថា អគ្គីភ័យឆាបឆេះផ្ទះសម្បែងបណ្ដាលឲ្យខូចខាតអស់ទាំងស្រុងខាងលើ នៅគ្រាក្រុមគ្រួសាររបស់គាត់ទៅច្រូតស្រូវអស់ពីផ្ទះ ហើយការឆាបឆេះនេះអាចសន្តិដ្ឋានបណ្ដាលមកពីផ្ទះអាគុយ ព្រោះឃើញមានស្នាមឆាបឆេះចេញពីម្តុំកណ្ដាលផ្ទះ ពិសេសកន្លែងដាក់អាគុយនោះតែម្តង ហើយការឆេះនេះលឿន គឺស្ទើរតែមួយពព្រិចភ្នែកប៉ុណ្ណោះ គ្មានអ្នកភូមិផងរបងជាមួយ ឬអ្នកក្បែរខាងគ្នាជួយអន្តរាគមន៍ទាន់នោះឡើយ៕  បឹុម ពិន

ចែករំលែក៖