កាលពីថ្ងៃទី១១ ខែធ្នូ មានហេតុការណ៍ផ្ទុះគ្រាប់បែកនៅស្ថានីយរថយន្តក្រុង និងរថភ្លើង Port Authority កណ្តាលទីក្រុងញូវយ៉ក។ ការផ្ទុះខាងលើ បានធ្វើឲ្យប្រធានាធិបតី ត្រាំ ចង់កែប្រែច្បាប់អន្តោប្រវេសន៍កាន់តែតឹងរឹងបន្ថែមទៀត។
កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ បុរសម្នាក់បានបំផ្ទុះគ្រាប់បែកនៅទីធ្លាចូលទៅកាន់ស្ថានីយរថភ្លើងក្រោមដី ស្ថិតនៅតំបន់ Midtown Manhattan ក្នុងពេលដែលមានមនុស្សមមាញឹកនៅទីនោះ។ ជាភ័ពសំណាង ការផ្ទុះនោះបណ្តាលឲ្យមនុស្ស៣នាក់រងរបួសតែប៉ុណ្ណោះ។ ចំណែកជនដសដល់ដែលបំផ្ទុះគ្រាប់បែកនោះ រងរបួសធ្ងន់បញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។
ប៉ូលិសបានបញ្ជាក់ថា ជនដៃដល់គឺជាអ្នកបើកបរតាក់ស៊ី ហើយទទួលឥទ្ធិពលពីក្រុមអ៊ិស្លាម IS តាមរយៈឃ្លីបវីដេអូ។ ប៉ុន្តែប៉ូលិសទីក្រុងញូវយ៉កមិនទាន់បញ្ជាក់ការពិតថា តើជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មដែរឬយ៉ាងណានោះទេ?
សារព័ត៌មាន AFP បានដកស្រង់ការបញ្ជាក់របស់ប៉ូលិសទីក្រុងញូវយ៉កថា សកម្មភាពខាងលើ គឺជាការវាយប្រហារភេរវកម្ម។ ជនវាយប្រហារគ្រាប់បែកខាងលើមានឈ្មោះ Akayed Ullah ជនជាតិបង់ក្លាដែស បានចូលទៅរស់នៅក្នុងទឹកដីអាមេរិក កាលពី៧ឆ្នាំមុន គឺនៅឆ្នាំ២០១១។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បង្កឲ្យមានវិវាទពេលចេញច្បាប់ហាមប្រាមពលរដ្ឋ៨ប្រទេស ចូលរស់នៅក្នុងទឹកដីអាមេរិក ក្នុងនោះមាន៦ប្រទេសអ៊ិស្លាម រួមមានអុីរ៉ង់ លីប៊ី ស៊ីរី សូម៉ាលី យ៉េមែន វេណេហ្ស៊ុយអេឡា ក្រៅពីនេះនៅមានប្រទេសឆាដ និងកូរ៉េខាងជើងផងដែរ។
កន្លងមក ជនអន្តោប្រវេសន៍មកពីប្រទេសអ៊ុយបេគីស្ថាន បានបើករថយន្ត បុកអ្នកដំណើរថ្មើជើងកាលពីថ្ងៃទី៣១ ខែតុលា ក្នុងទីក្រុងញូវយ៉ក សម្លាប់មនុស្ស៨នាក់ និងជាង១០នាក់ទៀតរងរបួស។
ប្រធានាធិបតី ត្រាំ បានស្នើឲ្យកាត់ទោសប្រហារជីវិតជនដៃដល់ខាងលើ។
គួរបញ្ជាក់ថា ភាគច្រើនការវាយប្រហារភេរវកម្មនៅក្នុងទឹកដីអាមេរិក ក៏ដូចជាអំពើហិង្សាពាក់ព័ន្ធនឹងអាវុធ គឺកើតចេញពីក្រុមជនអន្តោប្រវេសន៍ រស់នៅក្នុងទឹកដីអាមេរិក។ ទាំងនោះហើយ ជាហេតុដែលលោក ត្រាំ មានបំណងចង់បង្កើតច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ឲ្យមានភាពតឹងរុឹងជាទីបំផុត៕ ម៉ែវ សាធី