ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗចិនសាងសង់ជំរុំភៀសខ្លួននៅជាប់ព្រំដែនកូរ៉េខាងជើង

ចែករំលែក៖

ស្រុកមួយរបស់ចិននៅជាប់ព្រំដែនកូរ៉េខាងជើងកំពុងតែសាងសង់ជំរុំជនភៀសខ្លួន សម្រាប់ជួយដល់ជនភៀសខ្លួនកូរ៉េខាងជើងរាប់សិបពាន់នាក់ ដែលរត់ភៀសខ្លួនទៅកាន់ប្រទេសចិន។ សកម្មភាពខាងលើបានបង្កក្តីបារម្ភ យ៉ាងខ្លាំងពីសង្គ្រាមវាយប្រហារកូរ៉េខាងជើង អាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ។

តាមព័ត៌មានដែលមាននៅក្នុងឯកសាររបស់ក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់ប្រទេសចិន ដែលបានបែកធ្លាយ ក្នុងនោះភូមិចំនួន៣ ស្ថិតនៅខេត្ត jilin ទទួលបានបទបញ្ជាឲ្យសាងសង់ជំរុំជនភៀសខ្លួនសម្រាប់ពលរដ្ឋកូរ៉េខាងជើង។ ជំរុំជនភៀសខ្លួនទាំងនោះគឺជាត្រៀមលក្ខណៈសង្គ្រាមទ្រង់ទ្រាយធំកើតឡើង។

លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃទី១១ ខែធ្នូ បានប្រកាសឲ្យដឹងថា លោកមិនបានដឹងពីគម្រោង សាងសង់ជំរុំជនភៀសខ្លួនខាងលើនោះឡើយ ហើយលោកក៏មិនដែលឃើញឯកសារណាមួយនោះដែរ។

តាមឯកសារដែលបានបែកធ្លាយ អ្នកគ្រប់គ្រងក្រុមហ៊ុនបានត្រួតពិនិត្យទីតាំងចំនួន៥ កាលពីថ្ងៃទី២ ខែធ្នូ តាមសំណើររបស់មន្ត្រីក្នុងតំបន់។ ក្រុមហ៊ុមទូរគមនាគមន៍ ទទួលបានសំណើរឲ្យមានសេវាកម្មអ៊ីនធើណែតនៅជំរុំជនភៀសខ្លួនផងដែរ។

ពាក់ព័ន្ធនឹងភាពតានតឹងនៅកូរ៉េខាងជើងវិញ មេដឹកនាំកូរ៉េខាងជើងបានថ្កោលទោស អាមេរិក ដែលបានចាត់ទុកទីក្រុងព្យុងយ៉ាង ថាជារដ្ឋគាំទ្រអំពើភេរវកម្មនោះ គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរ និងជាការបំពានដ៏គឃ្លើន។

យោងតាមប្រភពព័ត៌មានពីកាសែតអង់គ្លេស Mirror Online ចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងមួយរូប បានហៅការសម្រេចចិត្តរបស់លោក ត្រាំ ថាជាអាកប្បកិរិយាដ៏អាប់ឱន និងបានបដិសេធការអះអាង របស់ប្រធានាធិបតីអាមេរិកដែលថា ទីក្រុងព្យុងយ៉ាងគាំទ្រអំពើភេរវកម្ម។

គួរបញ្ជាក់ថា លោក ត្រាំ បានដាក់ប្រទេសកូរ៉េខាងជើង លើបញ្ជីរដ្ឋគាំទ្រអំពើភេរវកម្ម នៅថ្ងៃចន្ទ ដែលជាទង្វើមួយអនុញ្ញាតឲ្យអាមេរិកដាក់ទណ្ឌកម្មច្រើនឡើង លើទីក្រុងព្យុងយ៉ាង និងជាទង្វើប្រថុយនឹងការបង្កភ្លើងភាពតានតឹងឲ្យក្តៅកាន់តែខ្លាំងបន្ថែមទៀត ជុំវិញរឿងកូរ៉េខាងជើងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែវាយប្រហារដល់អាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖