ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវរថយន្តសាំយុងបុកប៉ើងជា១០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូឆ្លងថ្នល់កាលពីវេលាម៉ោង ១១និង៤៥នាទី ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៦លេខ១២៧ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
តាមសាក្សីនៅន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក សង់សេរីចាស់ ពណ៌ ឈាមជ្រូក គ្មានស្លាកលេខធ្វើដំណើរពីត្បូងទៅជើងឆ្លងថ្នល់លុះមកខាងជើងផ្លូវហើយស្របពេលនោះមានរថយន្តម៉ាក សាំយ៉ុង ពណ៌ សលាយទឹកប្រាក់ មិនស្គាល់ស្លាកលេខ បើកបរពីកើតទៅលិចបុកចំពីចំហៀងខាងស្តាំប៉ើងមនុស្សជាង១០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង ។ ក្រោយពីបង្កហេតុរថយន្តមិនបានឈប់នោះទេ បន្ថែមល្បឿនបើករត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ លី ចំរើន ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកម៉ូតូឆ្លងផ្លូវពីត្បូងទៅជើង ស្លាប់នៅកន្លែងកើតហេតុ (ម៉ូតូខូចខាតធ្ងន់)។
មធ្យោបាយ រក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង។ ចំពោះរថយន្តសមត្ថកិច្ចស្រាវជ្រាវនិងតាមចាប់យកមកដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ សាកសពត្រូវបានសមត្ថកិច្ច្ចនគរបាលប្រគល់ទៅអោយក្រុមគ្រួសយកមក ធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន