ខេត្តពោធិ៍សាត់៖ ឪពុកម្ដាយនាំគ្នាទៅធ្វើការនៅប្រទេសថៃ ទុកកូនក្មេងស្រីជាមួយតាយាយ បានលង់ទឹកស្រះស្លាប់យ៉ាងអាហោចអធ័ម នៅគ្រាដែលកុមារីរងគ្រោះ និងមិត្តភក្តិនាំគ្នាចុះងូតទឹកជម្រះភួក ក្រោយពេលដើរចាប់ត្រីតាមវាលស្រែរួចរាល់។
ហេតុការណ៍ដោយរន្ធត់ខាងលើបានកើតឡើងកាលពីវេលាម៉ង១៣ និង៣៥នាទី ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចស្រះទឹកវាលស្រែក្បែភូមិ ស្ថិតក្នុងភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលរំលេចបានឲ្យដឹងថា កុមារីរងគ្រោះ(ស្លាប់)ឈ្មោះ ថេន ស្រីនិច អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារតាយាយ ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ ខណៈឪពុកម្ដាយរបស់ក្មេងម្នាក់នេះនាំគ្នាទៅធ្វើការនៅប្រទេសថៃបាត់អស់។
តាមការរាបរបជុំវិញកន្លែងកើតហេតុ និងសាច់ញាតិកុមារីរងគ្រោះប្រាប់ថា ជាធម្មតាកុមារីរងគ្រោះ (ថេន ស្រីនិច) ពេលទំនេពីការសិក្សា តែងតែបបួលក្មេងៗក្បែរខាងគ្នា ទៅរកស្រីតាមវាលស្រែក្បែរភូមិដូចសព្វមួយដង ហើយនៅថ្ងៃកើតហេតុនាងបាននាំគ្នាចំនួន ០៣នាក់ នៅរកចាប់ត្រីរួចរាល់ហើយនោះក៏នាំគ្នាចុះងូតទឹកស្រះជំរះភួក ប៉ុន្តែជាអកុសលក៏រអិលជើងធ្លាក់ចូលអន្លង់ជ្រៅ ដែលគ្រឿងចក្រកកាយបណ្តាលឲ្យលង់ទឹកបែបនេះ ក្មេងៗ ២នាក់ទៀតឃើញបែបនេះ ក៏រត់ទៅហៅសាច់ញាតិ និងអ្នកភូមិមកជួយ ខណៈនោះ ក៏បង្កការភ្ញាក់ផ្អើលនាំគ្នាចុះរាវរកឃើញភ្លាមៗ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែក្រុមគ្រូពេទ្យនៅតែមិនអាចជួយសង្រ្គោះជីវិតកុមារីបានដដែល។
កុមារីរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្នុងករណីឃាតកម្មនោះទេ ពិតជាស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណ៕ ប៉ឹម ពិន