នៅក្នុងសន្និសីទកាសែតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្ស៊ូអាបេ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយពីវិបត្តិនៅកូរ៉េខាងជើងថា «រឿងអាក្រក់បំផុត អាចនឹងកើតឡើង ហើយយើងទាំងអស់គ្នានឹងធ្លាក់នៅក្នុងសុបិន្តអាក្រក់ ក្នុងសង្គ្រាមដែលនឹងអាចកើតឡើង បង្កឲ្យមានសោកនាដកម្ម»។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវានាវឲ្យបញ្ចប់កម្មវិធីបរមាណូ និងគោរពការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ប៉ុន្តែផ្លូវពិភាក្សានៅតែមានសម្រាប់កូរ៉ែខាងជើង។ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្ស៊ូអាបេ បានគាំទ្រ និងអនុវត្តពេញលេញ នូវការសម្រេចដាក់ទណ្ឌកម្មរបស់ក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដំណោះស្រាយតាមរយៈកិច្ចពិភាក្សា។
នៅក្នុងសន្និសីទកាសែត ក្រុមអ្នកសារព័ត៌មានបានសួរលោក Antonio Guterres ថា «តើលោកអាចជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែរឬទេ?» លោកAntonio Guterres បានបញ្ជាក់ថា «យើងបានត្រៀមលក្ខណរួចរាល់ ហើយនឹងធ្វើជាអាជ្ញាកណ្តាលនៅក្នុងកិច្ចពិភាក្សារវាងភាគីទាំងសងខាង»។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីវេទិកាការពារសុខភាពពលរដ្ឋសកល UHC ដែលធ្វើឡើងតាំងពីថ្ងៃទី១២ នឹងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។
កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ លោក Jeffrey Feltman អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ បានបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ ក្នុងទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក Feltman កូរ៉េខាងជើងបានចោទអាមេរិកពីបទគំរាមកំហែងនុយក្លេអ៊ែរនៅក្នុងកិច្ចចរចាជាមួយអង្គការសហប្រជាជាតិ។
គោលដៅនៃទស្សនកិច្ចរបស់លោក Feltman ក្នុងនាមជាអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ គឺដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ នៅក្នុងទីក្រុងព្យុងយ៉ាង លោក Feltman បានជួបសន្ទនាជាមួយរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោក រី ជុងហូ និងលោក ប៉ាក់ យ៉ុងគុគ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA ផ្សព្វផ្សាយ។
តាម KCNA ភាគីកូរ៉េខាងជើងបាននិយាយប្រាប់លោក Feltman នៅក្នុងកិច្ចសន្ទនានោះថា គឺនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង និងការគំរាមកំហែងនុយក្លេអ៊ែររបស់អាមេរិក ជាអ្នកទទួលខុសត្រូវនៃស្ថានការណ៍តានតឹងនៅលើឧបទ្វីបកូរ៉េបច្ចុប្បន្ន។
ទន្ទឹមគ្នានេះ KCNA ក៏បានប្រកាសឲ្យដឹងថា ក្រុងព្យុងយ៉ាងបានព្រមព្រៀងជាមួយភាគីអង្គការសហប្រជាជាតិក្នុងការផ្តល់ព័ត៌មានជាប្រចាំនៅរាល់ទស្សនកិច្ចគ្រប់កម្រិតទាំងអស់។ តែ KCNA មិនបានបញ្ជាក់ទេថា តើមាន ឬមិនមានជំនួបរវាងលោក Feltman និងមនុស្សខ្លាំងកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕ ម៉ែវ សាធី