ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូគេជិះយកទៅបញ្ចាំត្រូវម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ប្រើមធ្យោបាយខ្ចីម៉ូតូគេជិះយកទៅបញ្ចាំ ត្រូវបានម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ក្នុងករណីរំលោភលើសេចក្ដីទុកចិត្ដ ។ ករណីចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ម នី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅៗភូមិស្ដីសំរោង ឃុំកក់ព្រីង ស្រុកស្វយជ្រុំ ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ យ៉ន សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ដោយឡែកទ្រព្យសម្បត្ដិបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FW-8686 ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី ឈ្មោះ វី វីត ដែលត្រូវជាក្មួយរបស់ឈ្មោះយ៉ន សីហា (ជនរងគ្រោះ) បានខ្ចីជិះថាទៅដើរលែងនៅកំពង់ភ្នំ លុះរហូតមកដល់ម៉ោងប្រហែលជាង៤ល្ងាច ឈ្មោះ វី វីត ត្រូវជាក្មួយជនសរងគ្រោះបានជិះម៉ូតូឌុបមកដល់ផ្ទះជនរងគ្រោះ រួចនិយាយ ម៉ូតូរបស់ពូត្រូវបានឈ្មោះ ម៉ម នី ហៅញ៉ាញ់ (ជនសង្ស័យ) ខ្ចីជិះយកទៅបាត់ហើយ ។ ចំណែកឯជនរងគ្រោះគិតថា ប្រហែលជាខ្ចីជិះសិនទេ ដោយពុំស្វែងរកអ្វីឡើយ ។ អស់រយៈពេលជាច្រើនថ្ងៃរហូតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ មិនឃើញជនសង្ស័យយកម៉ូតូប្រគល់ឲ្យមកខ្លួនវិញ ក៏សម្រេចដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ដើម្បីធ្វើការចាប់ខ្លួនជនសង្ស័យផ្ទន្ទាទោសតាច្បាប់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវស្វែងរករហូតចាប់ខ្លួនជនសង្ស័យមកប៉ុស្ដិ៍រដ្ឋបាលដើម្បីសួរនាំ ។ នៅចំពោះមុខសម្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូពីឈ្មោះ វីតដែលជាក្មួយជនរងគ្រោះប្រាកដមែន ក្រោយពីខ្ចីបានហើយខ្លួនជិះយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃ២៥០ដុល្លារសហរដ្ឋអាមេរិក ៕

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖