ក្រុមភេរវករអាចបើកការវាយប្រហារ នៅក្នុងឱកាសបុណ្យណូអែល និងចូល ឆ្នាំសកល ធ្វើឲ្យប្រទេសជាច្រើននៅតំបន់អឺរ៉ុបបង្កើនស្មារតីការប្រុងប្រយ័ត្នការពារសន្តិសុខ គ្រប់ទីកន្លែងពិសេសកន្លែងក្មេងលេងតែម្តង។
ការបង្កើនសន្តិសុខ ក្រោយពេលដែលមានការវាយប្រហារដោយប្រើកាំបិត កើតឡើងនៅក្នុងប្រទេសហុល្លង់រហូតដល់ពីរករណីនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ។ ហេតុការណ៍វាយប្រហារដោយកាំបិតកើតឡើងនៅទីក្រុង Maastricht ស្ថិតនៅក្នុងខេត្ត Limberg ភាគខាងត្បូងប្រទេសហុល្លង់ ជាប់ព្រំដែន ប្រទេសអាល្លឺម៉ង់និងប៊ែលហ្សុិក បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់និង ៣ នាក់រងរបួស។
ប្រព័ន្ធផ្សព្វផ្សាយ ហុល្លង់បានផ្សាយថា ហេតុការវាយប្រហារទី១កើតឡើងនៅ វេលាម៉ោង៩ យប់ថ្ងៃទី១២ ខែធ្នូ ម៉ោងក្នុង តំបន់ ស្ថិតនៅស្រុក Malpertuis ។ រយៈ ពេល១០នាទីក្រោយមក ក៏មានការវាយប្រហារដោយកាំបិតជាលើកទី២ នៅចម្ងាយពីកន្លែងវាយប្រហារលើកទី១តែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ។អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ប៉ូលិសបានចាប់ខ្លួនជនដៃដល់ ហើយចាត់ទុកករណីខាងលើអាចជាសកម្មភាពភេរវកម្ម។ នៅពេលនេះមន្ត្រីក្នុងតំបន់មិនទាន់បញ្ជាក់ថា ករណីវាយប្រហារដោយកាំបិតខាងលើជាប់ពាក់ព័ន្ធនឹងគ្នា ដែរឬយ៉ាង ណានោះទេ។ ក្រុមអ្នកឯកទេសកំពុងបើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់។
ក្រៅពីនេះនៅក្នុងប្រទេសអាល្លឺម៉ង់វិញ ក្រុមសន្តិសុខបានបើកការវាយប្រហារ ប្រឆំាងក្រុមភេរវកម្ម ដែលសម្ងំលាក់ខ្លួន ក្នុងរដ្ឋចំនួន៣នៅប្រទេសនេះ។ ទីភ្នាក់ងារអនុវត្តច្បាប់អាល្លឺម៉ង់ បានអនុវត្តប្រតិបត្តិ ការ ប្រឆាំងភេរវកម្មនៅក្នុងរដ្ឋសហព័ន្ធ ចំនួន៣ របស់ប្រទេសអាល្លឺម៉ង់ក្នុងនោះ មានរដ្ឋ Bavaria, Saxony-Anhalt និង រដ្ឋ Saxony ។
សារព័ត៌មាន Sputnik ចេញផ្សាយនៅ ថ្ងៃទី១៤ ខែធ្នូ បានឲ្យដឹងថា ក្នុងអំឡុង ពេលប្រតិបត្តិការបង្រ្កាបនោះ គឺសំដៅទៅ លើបុរស៣នាក់ ដែលសង្ស័យថាមាន ទំនាក់ទំនងជាមួយ ក្រុមភេរវករបរទេស ដោយប៉ូលីសបានរាយការណ៍ថា បាន ស្រាវជ្រាវ និងរឹបអូសមធ្យោបាយ ទំនាក់ ទំនង រួមមាន កុំព្យួទ័រ ក្នុងចំណោម ឧបករណ៍ផ្សេងទៀត។ ជនសង្ស័យគឺមាន ជនជាតិស៊ីរី ២នាក់ និងអុីរ៉ាក់ម្នាក់។ នៅឆ្នាំ ២០១៣ ពួកគេបានចូលរួមជាមួយឧទ្ទាមស៊ីរីដែលមានទំនាក់ទំនង ជាមួយក្រុមភេរវ ជន Jabhat Fatah al Sham (អតីតដែល គេស្គាល់ថាជារណសិរ្ស Nusra) ។
យោងតាមបណ្តាញសារព័ត៌មាន គ្មាន នរណាម្នាក់ត្រូវបាន ឃាត់ខ្លួនក្នុងអំឡុង ពេលប្រតិបត្តិការនោះទេ ខណៈដែលព័ត៌ មានលំអិត ផ្សេងទៀតមិនទាន់បានផ្សាយពីករណីរកឃើញភេរវករនៅឡើយ៕ ម៉ែវ សាធី