ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់រថយន្តកុងតឺន័របើកបុកហើយកិនពីក្រោយ ខណៈកំពុងជិះម៉ូតូទៅផ្ទះ។
សពត្រូវបានសមត្ថកិចប្រគល់ឲ្យក្រុមគ្រួសារទទួលរៀបចំធ្វើបុណ្យ ចំណែកភាគីបង្កបានរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលម៉ោង១៩និង៣៥នាទី ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ចន្លោះគម៩៩-លេខ១០០ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបញ្ជាក់ថា ករណីចរាចរណ៍នេះបង្កដោយរថយន្តមួយគ្រឿងម៉ាកFRIGHTLINER ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A 3248 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចបាត់)។ ចំណែកភាគីរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ មាស វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពសមត្ថកិច្ចស្រង់សំដីសាក្សីបានប្រាប់ថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កបើកមកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងដែលបើកបរទិសស្របគ្នា កិនម៉ូតូខ្ទេច ចំណែកអ្នកបើកម៉ូតូរវថបួសជាទម្ងន់។
ក្រោយបង្កហេតុតៃកុងបានចុះរត់គេចខ្លួនបាត់ ឃើញដូច្នោះប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីសុំអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែជាអកុសលអ្នកបើកបរម៉ូតូដែលជាជនរងគ្រោះបានស្លាប់នៅពេលបញ្ជូនទៅពេទ្យបានពាក់កណ្តាលផ្លូវ។
ពេលនេះសមត្ថកិចកំពុងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្តបង្កថា តើជារបស់ក្រុមហ៊ុនណាមួយ ដើម្បីកោះហៅឲ្យចូលខ្លួនមកដោះស្រាយជាមួយភាគីគ្រួសាររងគ្រោះតាមនីតិវិធី។
ដោយឡែក វត្ថុតាងម៉ូតូរងការខូចខាតធ្ងន់ ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ៕ សេនាស័ក្តិ