ភ្នំពេញ៖ ជឿទេថាចៅសង្កាត់ និងមេប៉ុសិ៍្តរដ្ឋបាលនគរបាលចាក់អង្រែលើមិនដឹងថា នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្មានល្បែងស៊ីសងនោះ? ក៏ដូចគ្នានៅចាក់អង្រែក្រោមផងដែរ ដែលសព្វថ្ងៃល្បែងស៊ីសងស្ទួចប្រេងក្រឡា ល្បែងកន្ទុយលេខចេញចូលចាក់ដូចហែរកឋិននៅច្រកដឿងហែមអ្នកតាចិន ផ្សារក្រមួនដើម។ នៅពេលប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្រចាំខែម្តង គេឮតែការស្តីបន្ទោសដដែលៗពីសំណាក់អភិបាលខណ្ឌ ហើយមេប៉ុសិ៍្តនិមួយៗមិនដែលរាយការណ៍ថាក្នុងមូលដ្ឋានរបស់ខ្លួនមានល្បែងស៊ីសងនោះទេ។
ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័គ ពស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ដោយបានអនុវត្តនូវបទបញ្ជារបស់លោក ពេជ្រ កែវមុនី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និងជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក ស៊ុំ រិទី្ធ បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ខណ្ឌចុះបង្ក្រាបទូហ្គេមបាញ់ត្រីចំនួន៣ទូរ នៅចំណុចភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ។
លោក ស៊ុំ រិទី្ធ បានបញ្ជាក់លើកឡើងឲ្យដឹងថា យោងស្មារតីកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យកាលពីម្សិលថ្ងៃទី១៥ធ្នូ និងដោយមានការបញ្ជាដឹកនាំពីសំណាក់លោកអភិបាលខណ្ឌមានជ័យ ដោយឡែកនៅព្រឹកថ្ងៃទី១៦ធ្នូនេះ រូបលោក និងលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានដឹកនាំចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីចំនួន៣ទូរ។
លោកបន្តថា ក្រោយពីចុះបង្ក្រាបរឹបអូសទូហ្គេម៣ទូរនេះ សមត្ថកិច្ចក៏បានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់ និងមិនអនុញ្ញាតឲ្យបន្តទៀតឡើយ។ បន្ទាប់មកទូហ្គេម៣ទូរនេះកម្លាំងសណ្តាប់ធ្នាប់យើងក៏បានលើកដាក់លើឡានដឹកយកទៅទុកនៅសាលាខណ្ឌមានជ័យ ដើម្បីលោកអភិបាលរៀបចំកម្មពិធីវាយកម្ទេចចោល៕ តាឡឹម