ខេត្តកំពង់ស្ពឺ៖ មេព្រៃខាងអធិការដែលទើបចុះទៅធ្វើការនៅខេត្តកំពង់ស្ពឺបានធ្វើអោយពលរដ្ឋដែលរកសុីដឹកអនុផលព្រៃឈើរអ៑ូរទាំថាទារលុយលើសពីសមត្ថភាពរបស់ពួកគាត់ដែលរកសុីតូចតាចគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាលការរៀនសូត្ររបស់កូនៗពួកគាត់។
ការលើកឡើងបែបនេះ
ប្រជាពលរដ្ឋមួយរូបរស់នៅភូមិត្រពាំងក្រើញ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបឲ្យដឹងថាគាត់រួមនឹងអ្នកភូមិឯទៀតក្រោយបញ្ចប់ការងារច្រូតកាត់បាននាំគ្នាទៅចូលព្រៃរកកាប់អុសនៅក្នុងព្រៃតំបន់ឱរ៉ាល់ដើម្បីយកមកលក់គ្រាន់បានប្រាក់បន្ថែមចិញ្ចឹមជីវិតបករចាំថ្ងៃ។ក្រោយកាប់បានពេលដឹកចេញពីព្រៃតាមគោយន្តពួកគាត់បានបង់លុយទៅអោយគ្រប់ជំនាញនៅតាមផ្លូវមានដូចជាទាហាន មន្រ្តីបរិស្ថាន និងមេព្រៃជាដើម។
ការបង់លុយនេះគឺបង់ទៅតាមទំហំនៃការដឹកកន្លែងខ្លះបង់ចាប់ពី២មុឺនទៅ៣ឬ៥មុឺនរៀល នេះចំពោះប៉ុស្តិនៅក្នុងព្រៃ។ដោយឡែកចាប់ពីថ្នល់ជាតិទៅដល់ផ្ទះ ត្រូវឆ្លងកាត់ច្រើនកន្លែងទៀតជាពិសេសគឺមេព្រៃខាងអធិការខាងត្បូងបឹងទន្លេ សាបតែម្តង។មេព្រៃរូបនោះត្រូវបានស្គាល់ថាឈ្មោះកែវ សំអុលជាកូនចៅលោកប៑ុន សម្បត្តិអតីត នាយផ្នែក
រដ្ឋបាលព្រៃឈើបសេដ្ឋដែលទើបផ្លាស់ចេញទៅធ្វើជានាយរងខាងអធិការ។
ចំណែកប្រជាពលរដ្ឋ ដែលមានផ្ទះក្បែរលោកកែវ សំអុល ប្រចាំការនោះ បានខ្សឹបប្រាប់ថា តាមដងផ្លូវនេះ ពួកគាត់តែងតែឃើញរថយន្តសាំងយ៉ុង និងរថយន្តស៊េរីទំនើបៗរាប់សិបគ្រឿង បើកបរដឹកឈើប្រណិតឆ្លងកាត់ប៉ុស្តិលោកមេព្រៃ តែពួកគាត់ មិនធ្លាប់ឃើញសមត្ថកិច្ចណា ចេញឃាត់រថយន្តដឹកល្មើសទាំងនោះឡើយ។
ពួកគាត់ឲ្យដឹងទៀតថា ការដែលសមត្ថកិច្ច មិនឆែកឆេររថយន្តទាំងនោះ ក៏ព្រោះថៅកែឈើបានរត់ការបង់ជាក្បាលឡានផង និងបង់ប្រចាំខែផង ដោយគ្រាន់តែប្រាប់ភិនភាគ និងស្លាកលេខរថយន្តជាការស្រេច។ហេតុដូច្នេះ ទើបពួកគាត់ មិនដែលឃើញមេព្រៃខាងអធិការ ចេញបង្រ្កាបបទល្មើសព្រៃឈើ ដែលឈ្មួញធំៗ ដឹកតាមរថយន្តទំនើប ស្ទើខូងផ្លូវទាំងនោះឡើយ ហើយមកជំរិតតែពីប្រជាពលរដ្ឋរកសុីតូចតាច ដើម្បីធ្វើរបាយការណ៍ឲ្យមេៗដឹងតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋ សំណូមពរឲ្យលោកមេព្រៃអធិការខាងត្បូងបឹងទន្លេសាប ពិនិត្យការងាររបស់លោកកែវ សំអុលម្នាក់នេះផង កុំឲ្យជាន់កតែអ្នកតូចតាច ឯឈ្មួញធំៗ បើកដៃដោយសេរីបន្តទៀត៕ សេនាស័ក្តិ