ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងធូបឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នងនិងទ្រព្យសម្បត្តិអស់ទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ធំ៖ លំនៅឋានសង់អំពីឈើប្រក់ក្បឿង ចំនួន3ខ្នងផ្ទះ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅអស់ទាំងស្រុង ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់មួយចំនួនធំ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចស្រុកបារាយណ៍បានឲ្យដឹងថា ផ្ទះដែលឆាបឆេះអស់ទាំងស្រុងនោះមានចំនួន៣ខ្នងដែលធ្វើអំពីឈើ ជញ្ជាំងក្តា ប្រក់ក្បឿង ទី១ម្ចាស់ឈ្មោះចាន់ ឃីម ភេទស្រី អាយុ៧៨ឆ្នាំ ផ្ទះ មានទំហំ ៩ម៉ែត្រគុណនឹង៩ម៉ែត្រ , ទី២ឈ្មោះសួស គៃ ភេទស្រីអាយុ៦០ឆ្នាំ ម្ចាស់ផ្ទះ៦ម៉ែត្រគុណនឹង៩ម៉ែត្រ និង ទី៣ ឈ្មោះឌី ខេន ភេទស្រី អាយុ៥៥ឆ្នាំ ជាម្ចាស់ផ្ទះដែលមានទំហំ ៧ម៉ែត្រគុណនឹង៩ម៉ែត្រ។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីគ្រោះអគ្គីភ័យនេះបានបង្កដោយភ្លើងធូប ព្រោះថា យោងតាមការស្រវជ្រាវ ពីអ្នកដែលរស់នៅជិតខាង នៅកន្លែងកើតហេតុបានបង្ហើបថា នៅថ្ងៃអាទិត្យ ទី១៧ ធ្នូ ត្រូវចំនឹងថ្ងៃសីល ហើយម្ចាស់ផ្ទះឈ្មោះចាន់ ឃីម អាយុ៧៨ឆ្នាំ បានអុចធូបហើយយកដោតនៅលើកំប៉ុងជើងធូបច្រនៀងផ្ទះនៅជាប់ជញ្ជាំង ដើម្បីសុំសេចក្តីសុខ ហើយក៏បានចុះទៅលេងផ្ទះកូនចៅនៅក្បែរៗនោះ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ពេញក្រមុំ និងបានឆេះរាលដាល ទៅផ្ទះជិតគ្នា ជាបន្តបន្ទាប់រហូតដល់៣ខ្នងផ្ទះ។

លោកសួងថេន អធិការនគរបាលស្រុកបារាយណ៏៍ បានបន្តឲ្យដឹងថា នៅក្នុង ហេតុការណ៏គ្រោះអគ្គីភ័យនេះ ដោយផ្លូវសារឆ្ងាយពេក ហើយការឆេះមានថេរៈវេលាខ្លី ត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ទើបរថយន្តពន្លត់អគ្គីភ័យ បានមកជួយសង្គ្រោះតែមិនជួយទាន់ពេលនោះទេ តែក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តទឹកអស់ចំនួនបីរថយន្ត រថយន្តរបស់អធិការស្រុកបារាយណ៏ ១គ្រឿង និងរថយន្តស្នងការខេត្តកំពង់ធំ២គ្រឿង ព្រមទាំងប្រើម៉ាស៊ីនបូមទឹកចំនួន៤គ្រឿង ដោយមានចូលរួមពីប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារភូមិ ជាពិសេសលោកស្នងការខេត្តបានចុះបញ្ជាផ្ទាល់ និងលោកអភិបាលស្រុកបារាយណ៍ផងដែរ។

សមត្ថកិច្ចបានបន្តថានៅក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសទេ ចំណែកការខូចខាត់មានផ្ទះចំនួនបីខ្នង និង ទ្រព្យសម្បត្តិ មួយចំនួនធំ ដូចជាស្រូវ អង្គរ សំលៀកបំពាក់ និងគ្រឿងអលង្កាមួយចំនួន ៕ ប៊ុន រិទ្ធី


ចែករំលែក៖