ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀន៣កញ្ចប់ត្រូវបានដកហូត

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកពញាឮចាប់ខ្លួនជនសង្ស័យម្នាក់និងដកហូតថ្នាំញៀនចំនួន៣កញ្ចប់តូច យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើង កាលពីវេលាម៉ោង១៩និង៣៥នាទី ថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សំអូន ហៅម៉ាញ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន ០៣ កញ្ចប់តូច និងទូរសព្ទ័ដៃ១គ្រឿង ។

ប្រភពដដែលបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រឃុំវិហារលួង ស្រុកពញាឮ ដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកទៅលើជនសង្ស័យបានទេ លុះមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញស្រុកបានទទួលព័ត៌មានថា ជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះក៏សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារលួងចុះបង្រ្កាបចាប់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងជាក់ស្ដែងខាងលើយកមកចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖