ព័ត៌មានទាន់ហេតុការណ៍៖

លួចទូរស័ព្ទបានសម្រេច យកទៅលក់បានលុយ១៥ដុល្លារ ហើយទិញថ្នាំញៀនជក់អស់ សមត្ថកិច្ចខណ្ឌដង្កោចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃចន្ទ ១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃើញជនសង្ស័យទាំង០២នាក់ ដែលបានលួចទូរស័ព្ធ បុរសម្នាក់នៅចំណុចប៉ុស្តិ៍យាម គ្រឿងចក្ររបស់ក្រុមហ៊ុនវៀតណាម ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនយកមកសាកសួរតែម្ដង ។

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យ០២នាក់ ដែលឃាត់ខ្លួនបានខាងលើ ទី០១ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ មន ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ តឹក ផុន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានឲ្យដឹងទៀតថា វត្ថុតាងដែលចាប់យកពីជនសង្ស័យ ទី១.កាបូបស្ពាយពណ៌សូកូឡាចំនួន០១, ២.ដែកកាវ ចំនួន០១ , ៣. ទួរណឺវីសចំនួន០១, ៤.ស្បែកជើងផ្ទាត់ពណ៌ខ្មៅ ចំនួន០១គូ ។

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបន្តឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៣និង៤២ ជនរងគ្រោះឈ្មោះ តឹក ផុន ភេទប្រុស អាយុ៤៣ឆ្នាំ បានដាក់ទូរស័ព្ទម៉ាកសាំសុងកាឡាក់ស៊ីហ្វ័រ ពណ៌ស ចំនួន០១គ្រឿង សាកថ្មនៅក្នុងប៉ុស្តិ៍យាម គ្រឿងចក្ររបស់ក្រុមហ៊ុនវៀតណាម ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនរងគ្រោះ ក៏បានដេកនៅលើក្តាក្នុងប៉ុស្តិ៍យាមក្បែរទូរស័ព្ទម៉ាកខាងលើនោះដែរ ។

ពេលនោះជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២២ឆ្នាំ ទី០២ឈ្មោះ មន ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ បានដើរចូលមកធ្វើ សកម្មភាពលួចយកទូរស័ព្ទដៃម៉ាកខាងលើ របស់ជនរងគ្រោះ ហើយជនរងគ្រោះបានភ្ញាក់ឡើង មើលឃើញ ជនសង្ស័យទាំង០២នាក់ខាងលើ លួចយកទូរស័ព្ទក៏រត់ដេញតាមពីក្រោយស្រែកថាចោរៗ តែជនសង្ស័យ បាន រត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចយើងក៏បានចុះទៅជួយអន្តរាគមន៍ ពិនិត្យកន្លែងកើតហេតុ បំភ្លឺសាក្សី និងប្រមូលវត្ថុតាងមាន ១.កាបូបស្ពាយពណ៌សូកូឡាចំនួន០១, ២.ដែកកាវ ចំនួន០១ , ៣. ទួរណឺវីសចំនួន០១, ៤.ស្បែកជើងផ្ទាត់ពណ៌ខ្មៅ ចំនួន០១គូ ។

បន្ទាប់មក ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃស ចំឈ្មោះជនសង្ស័យទាំង០២នាក់ខាងលើ ដោយសារជនរងគ្រោះ និងជនសង្ស័យជាអ្នករស់នៅក្នុងភូមិជាមួយ គ្នា ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ លុះដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៨និង០០នាទី កម្លាំងសមត្ថកិច្ចជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដល់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យទាំង០២នាក់ខាងលើ បានចូលមកពូនសម្ងំលាក់ខ្លួននៅក្នុងភូមិប្រការខាងលើ រួចសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ យកមកធ្វើការសាក សួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។

ក្រោយពីសាកសួរជនសង្ស័យ ទាំង២នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃម៉ាកសាំសុង កាឡាក់ ស៊ីហ្វ័រ ពណ៌ស ចំនួន០១គ្រឿង របស់ជនរងគ្រោះ យកទៅលក់នៅម្តុំលូប្រាំ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំបញ្ចូនបន្តទៅតុលារការចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖