ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមខ្លាំង Celtic ស្គាល់រសជាតិចាញ់ក្រោយឈ្នះ៧០ប្រកួត

ចែករំលែក៖

កំណត់ត្រាមិនដែលចាញ់ជិត៧០ប្រកួតរបស់ Celtic ត្រូវបានក្រុម Hearts បំបាក់ក្នុងលទ្ធផល ៤-០ កាលពីរាត្រីថ្ងៃអាទិត្យ ក្រោយពីរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងស្រុកក្នុងលីកកំពូលស្កុតឡេន ។

គ្រាប់បាល់ដំបូងរបស់ Hearts សម្រេចបានដោយកីឡាករវ័យ១៦ឆ្នាំ Harry Cochrane ខណៈបីគ្រាប់ទៀតរកបានដោយ Kyle Lafferty និង Manuel Milinkovic ២គ្រាប់ម្នាក់ឯង។ ក្រុមលោក Brendan Rodgers មិនដែលស្គាល់ពាក្យថា ចាញ់ទេ នៃការប្រកួតក្នុងស្រុកគ្រប់កម្មវិធី ចាប់តាំងពីខែ ឧសភា ឆ្នាំ ២០១៦ នេះជាការចាញ់លើកដំបូងហើយ ធ្វើឲ្យពួកគេសោកស្ដាយជាខ្លាំង។

ក្រោយចប់ការប្រកួតដ៏សោកសៅ Brendan Rodgers បាននិយាយថា “ពួកគេបានសាងកំណត់ត្រា មិនដែលចាញ់ ពួកគេពិតជាគួរឲ្យសរសើរ។ ពេលនេះពួកគេត្រូវចុចប៊ូតុងចាប់ផ្ដើមឡើងវិញ និងស្វែងរក៣ពិន្ទុឡើងវិញនៅប្រកួតក្រោយ”។

សូមបញ្ជាក់ថា Celtic ជាក្រុមខ្លាំងរបស់ក្របខ័ណ្ឌកំពូលរបស់ស្កុតឡេន បានបំបែកកំណត់ត្រានៃការប្រកួតមិនស្គាល់ពាក្យថាចាញ់ក្នុងស្រុករយៈពេល១០០ឆ្នាំរបស់ ខ្លួនឯងនៅចក្រភពអង់គ្លេសក្នុងការប្រកួតទី៦២ កាលពីខែ វិច្ឆិកាកន្លងទៅ ៕ ដេវីត


ចែករំលែក៖