ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើង Amtrak របស់អាមេរិករត់ធ្លាក់កង់ចេញពីផ្លូវដែកស្លាប់មនុស្សយ៉ាងតិច៦នាក់

ចែករំលែក៖

រថភ្លើង Amtrak របស់អាមេរិក បានបើកធ្លាក់កង់ចេញពីផ្លូវដែក ហើយធ្លាក់មួយផ្នែកនៃទូរថភ្លើងចុះទៅលើផ្លូវល្បឿនលឿននៅខាងក្រោម។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទីព្រឹក(ម៉ោងក្នុងតំបន់) ថ្ងៃទី១៨ ខែធ្នូ នៅជិតទីក្រុង Dupont រដ្ឋវ៉ាស៊ីនតោន បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់។

សារព័ត៌មាន CNN បានផ្សាយថា ក្រៅពីអ្នកស្លាប់នៅមានអ្នករបួស៧៧នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត ស្របពេលដែលអ្នករងរបួសធ្ងន់ជាច្រើននាក់កំពុងសង្គ្រោះបន្ទាន់។

ក្រុមហ៊ុន Amtrak បានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់កើតឡើង នៅលើរថភ្លើងមានអ្នកដំណើរ៧៨នាក់ និងបុគ្គលិក៥នាក់នៅលើរថភ្លើង។

ទិដ្ឋភាពរថភ្លើងព្យួរនៅលើស្ពានចុះមកផ្លូវល្បឿនលឿន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ពលរដ្ឋដែលធ្វើដំណើរទៅធ្វើការនាពេលព្រឹក។ ផ្លូវធ្វើដំណើរឆ្ពោះទៅភាគខាងកើត ត្រូវបានបិទមួយរយៈ ក្រោយពេលមានគ្រោះថ្នាក់នេះ។

រថភ្លើងដែលធ្លាក់ផ្លូវនោះ បានប៉ះជាមួយរថយន្តធ្វើដំណើរនៅផ្លូវល្បឿនលឿនខាងក្រោម ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់នោះឡើយ។

សាក្សីនៅកន្លែងកើតហេតុ លោក Greg Mukai និយាយទៅបណ្តាញព័ត៌មាន CNN ថា«ខ្ញុំកំពុងតែធ្វើដំណើរទៅធ្វើការនាពេលព្រឹក ហើយបានជាន់ហ្វ្រាំងជាបន្ទាន់ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ព្រោះពេលនោះ ខ្ញុំមើលឃើញរថភ្លើងធ្លាក់ព្យួរនៅលើស្ពាន ហើយក្រុមជួយសង្គ្រោះ និងពលរដ្ឋបានរត់ទៅជួយអ្នករងរបួស»។

អភិបាលរដ្ឋវ៉ាស៊ីនតោន លោក Jay Inslee បានប្រកាសអាសន្នក្រោយហេតុការណ៍ខាងលើ។ គណៈកម្មការសន្តិសុខចរាចរណ៍អាមេរិក បានបញ្ជូនក្រុមស្រាវជ្រាវ ដើម្បីត្រួតពិនិត្យមូលហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានរំលែកទុក្ខដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍នេះផងដែរ។ លោកបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ គឺជាមូលហេតុជំរុញឲ្យគម្រោងកែប្រែហេដ្ឋារចនាសម្ព័ន្ធត្រូវបានអនុម័ត៕ ម៉ែវ សាធី


ចែករំលែក៖