ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ជនបរទេសថាកម្ពុជាអភ័ព្វព្រោះមានពួក ប្រឆាំងប្រយោជន៍ជាតិខ្លួនឯង

ចែករំលែក៖

វាជាការគួរឲ្យសង្វេគចិត្តអាណិតដល់មាតុភូមិ និងប្រជាជនខ្មែរដ៏កំសត់ដែលមានអ្នក នយោបាយពូកែដេករកនឹក គិតរកល្បិច ដើរត្រាច់រង្គាត់ ទៅគោះជួង ទូងស្គរនៅតាមផ្លូវមិនអស់ ចិត្ត ក៏ដើរគោះទ្វារផ្ទះសហគមន៍អន្តរជាតិ ដើម្បីសុំអង្វរឲ្យពួកគេដាក់ទណ្ឌកម្មមកលើប្រទេស ជាតិដើម្បីខ្ទប់ដង្ហើមកម្មករ និងកសិករខ្លួនឯង។ តើយើងដែលលឺទេថា អ្នកនយោបាយនៅប្រទេស ជិតខាងយើង មានដូចជាថៃ ភូមា ឬវៀតណាម ឬប្រទេសផ្សេងទៀត មានអ្នកនយោបាយប្រឆាំង ណាដែលហាមាត់អំពាវនាវដល់សហគមន៍អន្តរជាតិឲ្យកាត់ជំនួយ ឲ្យឈប់ទិញទំនិញដែលជា ញើសឈាមរបស់កម្មករ និងកសិករនៃប្រទេសរបស់ខ្លួនឯងនោះ? ទាំងលោកថាក់ស៊ីន, រហូត ដល់លោកស្រីយីងឡាក់ ទោះបីជាបងប្អូនត្រកូលស៊ីណាវ៉ាត់នេះទទួលរងការរំលាយបក្ស និង រហូតនិរទេសខ្លួនទៅក្រៅប្រទេស ប៉ុន្តែពួកគេមិនដែលហាមាត់អំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្ម ឬឲ្យផ្តាច់ជំនួយ ឈប់ទិញទំនិញពីប្រទេសរបស់ខ្លួនសោះឡើយ។ ហេតុអ្វីបានជា ពួកគេមិនធ្វើដូច្នេះ ពីព្រោះគេយល់ថា ធ្វើបែបនេះជាអំពើអាក្រក់ជួរជាតិចំពោះប្រទេសជាតិ និង ប្រជាជនខ្លួនឯង។ ពួកគេក៏យល់ដែរថា ធ្វើនយោបាយត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ឬ សេចក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិ និងប្រជាជន។ លោកស្រី អ៊ុងសាន ស៊ូជី កាលនៅជាមេដឹកនាំ បក្សប្រឆាំងក៏ដូចគ្នាដែរ គឺលះបង់សេចក្តីសុខខ្លួនឯងដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ ប្រជាជន។ មានអ្នកនយោបាយប្រឆាំងជាច្រើនទៀតក្នុងលោក ដែលបានតម្កល់ប្រយោជន៍ជាតិ ធំជាងប្រយោជន៍បក្ស ឬប្រយោជន៍ផ្ទាល់ខ្លួន។

អភ័ព្វអ្វីតែប្រទេសកម្ពុជា អ្នកនយោបាយប្រឆាំងបែរជាតម្កល់ប្រយោជន៍បក្សខ្ពស់ហួសពី ប្រយោជន៍ជាតិ និងប្រជាជនទៅវិញ។ គ្រប់ពេលវេលា គ្រប់ទីកន្លែងដែលពួកប្រឆាំងទៅដល់ បេសកកម្មសំខាន់ជាងគេបំផុតរបស់ពួកគេ គឺការបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយ និងឈប់ទិញទំនិញពីកម្ពុជា។ នយោបាយស្មោគគ្រោក អាក្រក់ជួរជាតិបែបនេះបានក្លាយជា សារជាតិរបស់ពួកប្រឆាំងនៅស្រុកខ្មែរទៅហើយ។ មានជនបរទេសជាច្រើនភ្ញាក់ផ្អើលនឹងសកម្ម ភាពរបស់ក្រុមប្រឆាំងនៅកម្ពុជាដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលពួកគេចាត់ទុកថាជាអ្នក នយោបាយដែលហ៌ានប្រើយុទ្ធសាស្ត្រដដែលៗ គឺបំផ្លាញជាតិខ្លួនឯងដើម្បីចង់បានអំណាច។ ជនបរទេសទាំងនោះបានចាត់ទុកថា នេះជានយោបាយដ៏អន់ថយបំផុត និងអាក្រក់បំផុត ហើយ ដែលពួកគេស្អប់ខ្ពើមបំផុត។ បើនៅប្រទេសរបស់ពួកគេវិញ អ្នកនយោបាយធុននេះមិនអាចមាន មុខនៅលើឆាក នយោបាយបានឡើយព្រោះសូម្បីតែមុខក៏ប្រជាជនគេមិនមើល និងសូម្បីតែឈ្មោះ ក៏មិនចង់លឺដែរ។

តើពួកបក្សឆាំងបានធ្វើអ្វីខ្លះសម្រាប់ជាតិនិងប្រជាជន?

ចាប់តាំងពីការកកើតគណបក្សសមរង្ស៊ី, ក្រោយមកគណបក្សសិទ្ធិមនុស្ស និងចុងក្រោយ គឺគណបក្សសង្គ្រោះជាតិ កិច្ចការសំខាន់របស់ពួកគេ គឺបំផ្លាញរាជរដ្ឋាភិបាលដឹកនាំដោយបក្ស កាន់អំណាចដោយយកប្រយោជន៍ជាតិធ្វើជាចំណាប់ខ្មាំង និងយកប្រជាជនធ្វើជាឈ្នាន់។ យក ប្រយោជន៍ជាតិជាចំណាប់ខ្មាំងមានន័យថា ពួកគេដើរឃោសនា ញុះញង់ប្រជាពលរដ្ឋក្នុងស្រុក ឲ្យស្អប់អាជ្ញាធររាជរដ្ឋាភិបាលឲ្យបាត់បង់មោទនភាពជាតិ ដោយមើលឃើញប្រទេសរបស់ខ្លួន មានសភាពខ្មៅងងឹត បំបាក់ទឹកចិត្តប្រជាជនកុំឲ្យចូលរួមក្នុងសកម្មភាពដែលបង្ហាញពីមោទនភាព ជាតិ ដូចជាព្រឹត្តិការណ៍កីឡាករ ការដាក់បញ្ចូលសម្បត្តិវប្បធម៌ខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងការរួបរួមគ្នាដើម្បីការពារបូរណភាពទឹកដីពេលត្រូវប្រទេសជិតខាងបំពានជាដើម។

នៅឯក្រៅប្រទេស ពួកគេដើរស្វះស្វែង បញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិ និងម្ចាស់ជំនួយ ឲ្យឈប់ផ្តល់ជំនួយ និងឈប់មានទំនាក់ទំនងល្អជាមួយកម្ពុជា ឬឈប់ធ្វើពាណិជ្ជកម្មជាមួយ កម្ពុជា ដើម្បីបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេស ហើយអ្នកដែលរងផលប៉ះពាល់មុនគេ គឺ ប្រជាជនក្រីក្រ។

ចំណែកយកប្រជាជនធ្វើជាឈ្នាន់មានន័យថា ក្នុងជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី, ក៏ដូចជា លោក កឹម សុខា និងបក្សពួកដូចជាលោកស្រី មួរ សុខហួរ ជាដើម តែងតែបញ្ឆេះកំហឹង ប្រជាពលរដ្ឋ កេណ្ឌប្រជាពលរដ្ឋឲ្យមកចូលរួមធ្វើបាតុកម្មហិង្សា ដុតបំផ្លាញ វាយកម្ទេច បង្កភាព ចលាចលក្នុងសង្គម។ ចំណែកពួកគេវិញ មានរឿងអ្វីបន្តិចក៏ដាក់មេផាយបាតជើងសព្រាតចេញ ទៅសម្ងំសុខនៅក្រៅប្រទេសធ្វើព្រងើយ។ ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្របក្សប្រឆាំងនៅ ចងចាំច្បាស់ណាស់កាលពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣។ អ្នកណាខ្លះលក់ស្រូវ លក់មាន់ ទា លក់ឆ្កែ ឬខ្ចីលុយគេដើម្បីឡើងមកធ្វើបាតុកម្មនៅភ្នំពេញ។ ទីបំផុត ក្រុមបក្សប្រឆាំងក៏ដើរចូល រដ្ឋសភា អង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ធ្វើព្រងើយ។ បច្ចុប្បន្ន គណបក្សសង្គ្រោះជាតិត្រូវបាន រំលាយចោល ដោយអំណាចសាលដិកាតុលាការកំពូលហើយបន្ទាប់ពីគេរកឃើញថា អតីតមេ ដឹកនាំគណបក្សនេះបានធ្វើនយោបាយបម្រើប្រយោជន៍បរទេស និងបំផ្លាញជាតិខ្លួនឯងជាប្រព័ន្ធ។

ក្រោយជួបគ្រោះអាសន្ន សារជាតិរបស់ពួកប្រឆាំងក៏បានលេចឡើងយ៉ាងច្បាស់ក្រឡែត។ បេសកកម្មដដែលក៏ត្រូវបានពួកទណ្ឌិត សម រង្ស៊ី និងបក្សពួក យកមកប្រើសារជាថ្មី។ ពួកគេ អំពាវនាវពីក្រៅប្រទេសឲ្យពលរដ្ឋងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល ទោះជាអ្នកណារងគ្រោះថ្នាក់ អ្វីក៍មិនខ្វល់ ដែរទោះជាប្រទេសជាតិវឹកវរយ៉ាងណាក៏មិនឈឺក្បាល ខណៈដែលខ្លួនឯងរត់ទៅរក កន្លែងមានសុវត្ថិភាពរៀងៗខ្លួន។

តើនេះមិនមែនជាការធ្វើនយោបាយដោយយកប្រជាជនជាឈ្នាន់ទេឬ?

នៅឯក្រៅប្រទេស ទណ្ឌិត សម រង្ស៊ី និងបក្សពួកមាន ហួរ សុខហួរ, អេង ឆៃអ៊ាង និង កឹម មនោវិទ្យា ជាដើម បានចែកជើងគ្នាដើរអុកឡុកបណ្តាប្រទេសជាមិត្តដោយដើរតត្រុកសុំអង្វរគេ សុំគេជួបសូម្បីតែ១៥នាទីក៏អស់ចិត្ត ដើម្បីសម្តែងល្ខោន ហើយសុំឲ្យអន្តរជាតិឈប់ផ្តល់ជំនួយ ដាក់ទណ្ឌកម្ម និងឈប់ទិញទំនិញពីកម្ពុជា។ បើមានបរទេសណាម្នាក់ ទោះជានិយាយជាលក្ខណៈ បុគ្គលក៏ដោយឲ្យតែមានន័យអវិជ្ជមានចំពោះកម្ពុជា ពួកគេចាត់ទុកថាជាជោគជ័យរបស់ខ្លួន ហើយខំបំប៉ោងដោយមានជំនួយពីប្រព័ន្ធផ្សាយព័ត៌មានតាមបែបឧទ្ទាមកម្មមួយចំនួនគាំទ្រពីក្រោយ។ គោលដៅរបស់ក្រុមនេះនៅតែដដែល គឺបំផ្លាញប្រទេសនេះឲ្យខ្ទេចខ្ទីរ ផ្តាច់ដង្ហើមសេដ្ឋកិច្ចជាតិ និងផ្តាច់សេដ្ឋកិច្ចរបស់កម្មករ និងកសិករក្រីក្រឲ្យធ្លាក់ក្នុងសភាពដុនដាប ដើម្បីពួកគេមានលេស ថារាជរដ្ឋាភិបាលដឹកនាំមិនកើត។ និយាយឲ្យចំ គឺពេញមួយជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី និងគណបក្សរបស់គាត់ គឺបង្កបញ្ហាក្រឡុកសភាពការណ៍ បំពុលបរិយាកាសមិនឲ្យប្រទេស កម្ពុជា និងប្រជាជនខ្មែរបានសុខឡើយ។

ប៉ុន្តែ ជាភព្វ័សំណាងរបស់កម្ពុជាដែលមហិច្ឆតារបស់ក្រុមប្រឆាំងមិនអាចសម្រេចបាន តាមគោលដៅ។ នយោបាយយកប្រយោជន៍ជាតិជាចំណាប់ខ្មាំងត្រូវបានវែកមុខ ហើយគណបក្ស សង្គ្រោះជាតិត្រូវបានរំលាយចោលដោយអំណាចសាលដិកាតុលាកំពូល ដោយរក្សាបាននូវ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដដែល។ ពិភពលោកពហុប៉ូលក៏បានរារាំងមហិច្ឆតារបស់ ពួកប្រឆាំងមិនឲ្យសម្រេចគោលដៅបានឡើយ មានន័យថា បើទោះជាអាចមានបុគ្គលបរទេស ខ្លះ ឬក៏ប្រទេសខ្លះ អាចយល់ស្របជាមួយពួកប្រឆាំងជាពិសេសប្រទេសដែលជាមេកើយរបស់ បក្សប្រឆាំងតែម្តង ប៉ុន្តែនៅមានបណ្តាប្រទេសជាច្រើនទៀតដែលគេមិនបានចាប់អារម្មណ៍ទៅ លើឆាកល្ខោនរបស់ពួកប្រឆាំងឡើយ។ អ្វីដែលពិភពលោកកំពុងសម្លឹងមើលកម្ពុជា គឺកម្ពុជាជា ប្រទេសដែលមានសន្តិភាព និងពោរពេញដោយឱកាសនៃការអភិវឌ្ឍ។

ចំណែកនយោបាយយកប្រជាជនជាឈ្នាន់ក៏ជួបបរាជ័យជាបណ្តើរៗ ព្រោះគ្មានប្រជាពល រដ្ឋខ្មែរណាទៅខ្វាយខ្វល់ពីរឿងរំលាយគណបក្សសង្គ្រោះជាតិឡើយ។ ពួកគេគិតតែពីប្រកបរបរ ទទួលទានតាមលទ្ធភាពរៀងៗខ្លួន។ ពួកគេកំពុងអបអរនឹងផលប្រយោជន៍ដែលទទួលបានពី រាជរដ្ឋាភិបាល។ កម្មករ កម្មការរិនីកំពុងញញឹមរង់ចាំទទួលប្រាក់បៀវត្សរ៍ថ្មីនៅឆ្នាំ ២០១៨ ខណៈ ដែលប្រជាកសិករកំពុងមមាញឹកនឹងការប្រមូលផលស្រូវរដូវរំហើយ។ មន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ ក៏នឹងទទួលបានផលប្រយោជន៍លើសពីមុនពីរាជរដ្ឋាភិបាលចាប់ពីឆ្នាំ ២០១៨ តទៅ។ អាជីវករ អ្នកលក់ដូរកំពុងសប្បាយចិត្តនឹងការលក់ដូរទំនិញ ឬក៏ការទិញទំនិញដែលមាន ភាពសម្បូរបែប និងប្រកួតប្រជែងជាងមុន។ ក្នុងស្ថានភាពបែបនេះ គ្មានសហគមន៍អន្តរជាតិណា ចាត់ទុកកម្ពុជាជាប្រទេសដែលមានបញ្ហាដូចឆាកល្ខោនដែលពួកប្រឆាំងបានសម្តែងនោះឡើយ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសជាច្រើននៅតែសម្តែងការហួស ចិត្ត និងចាត់ទុកប្រទេសកម្ពុជា ជាប្រទេសអភ័ព្វ ដោយសារតែមានអ្នកនយោបាយបែបទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងទាំងឡាយជាបក្សពួកដែលធ្វើនយោបាយប្រឆាំងនឹងប្រយោជន៍ជាតិ និង ប្រជាជនខ្លួនឯង។ អ្វីដែលជនបរទេសហួសចិត្ត និងភ្ញាក់ផ្អើលបំផុតចំពោះបក្សប្រឆាំងនៅកម្ពុជា គឺ ទី១៖ នយោបាយញុះញង់ឲ្យស្អប់ខ្ពើមពូជសាសន៍ និង ទី២៖ គឺនយោបាយទាមទារឲ្យសហគមន៍ អន្តរជាតិផ្តាច់ជំនួយ និងឈប់ទិញទំនិញពីប្រទេសរបស់ខ្លួនឯង។ ពួកគេលាន់មាត់ ដោយហួស ចិត្តថា ប្រទេសរបស់អ្នកឯងពិតជាអភ័ព្វមែន ហើយគេមិនដែលបានឃើញអ្នកនយោបាយបែប នេះនៅប្រទេសផ្សេងទេ៕ កូនខ្មែរ

 


ចែករំលែក៖