ភ្នំពេញ៖ យុវជនស្ទាវៗ៤នាក់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៧ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួន ទី១.ឈ្មោះ ស៊ុំ គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាយ់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២.ឈ្មោះ ឌិន ធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង២នាក់នេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅតាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ដោយបានដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ 1CQ-2182។ ចំណែកជនសង្ស័យទី៣.ឈ្មោះ ឃុន ឆៃណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤.ឈ្មោះ នាញ ច័ន្ទឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទាំង២នាក់នេះ ស្នាក់ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ជាមួយគ្នានេះដែរ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BU-6357។
យោងតាមមន្ត្រីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ករណីឃាត់ខ្លួនយុវជនទាំង៤នាក់ខាងលើនេះ ខណៈកម្លាំងសមត្ថកិច្ចជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញពួកគេក្នុងស្ថានភាពខុសប្រក្រតី ដោយមានការសង្ស័យ ក៏ឃាត់ខ្លួនយកមកសាកសួរ និងពិនិត្យទឹកនោមរកឃើញសារធាតុញៀនក្នុងខ្លួនទាំង៤នាក់ ទើបសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធី៕ តុង សីហា