ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញធ្វើអត្តឃាតចងកសម្លាប់ខ្លួននឹងមែកសន្តាន់បង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ រសៀល ថ្ងៃពុធ៣កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ខែធ្នូឆ្នាំ២០១៧នៅក្នុងភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះម៉ែន.បូរត្ន័ហៅចែតភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលរដ្ឋបាលគគីរបានឲ្យដឹងថាសពជនរងគ្រោះត្រូវបានពលរដ្ឋឈ្មោះចិន.ហ៊ូវភេទស្រីអាយុ៤៨ឆ្នាំមានទីលំនៅភូមិ.ឃុំកើតហេតុខាងលើប្រទះឃើញចងកស្លាប់នៅនឹងមែកសន្តាន់មិនដឹងតាំងពីពេលណាមកនោះទេខណៈដែលស្រ្តីរូបនោះបានដើរទៅខាងក្រោយផ្ទះរបស់ខ្លួននោះ។
ក្រោយពីបានឃើញសពបុរសចងកស្លាប់យ៉ាងដូច្នេះស្រ្តីរូបនោះក៍បានរាយការណ៍ទៅមេភូមិហើយមេភូមិក៍បានរាយការណ៍បន្តទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍គគីរហៅនគរបាលជំនាញចុះទៅធ្វើ កោសល្យវិច័យហើយបានសន្និដ្ឋានថាសពជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងប្រាកដមែន ពុំមានស្លាកស្នាមលើខ្លួនប្រាណជនរងគ្រោះដែលសង្ស័យជាអំពើឃាតកម្មនោះទេ ។
បន្ទាប់ពីពិនិត្យរួចសពបុរសនេះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានខណៈដែលក្រុមគ្រួសារសពមិនបានបញ្ជាក់ពីវិបត្តិរបស់ជនរងគ្រោះមូលហេតុអ្វីបានជាដាច់ចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះទេ៕សហការី