ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១ មិនគ្រាន់តែពង្រីកកិច្ចសហប្រតិបត្តិការ ដែលបញ្ជាក់អំពីសារៈសំខាន់ប្រទេសនីមួយៗផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអនុតំបន់ប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយការតភ្ជាប់អាស៊ាន និងពង្រឹងសហគមន៍អាស៊ាន ជាពិសេសកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ព្រមទាំងលើកកម្ពស់ សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
យោងតាមសេចក្តីប្រកាសព័តមានរបស់ក្រសួងពាណិជ្ជកម្មផ្ញើរប្រាប់អ្នកសារព័ត៍មានក្នុងស្រុក នៅល្ងាច ថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៧កន្លងទៅ តាមសារអេឡិចត្រូនិច បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការសម្រប សម្រួលចម្រុះ សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១ (11th CLV DTA JCC) បានប្រារព្ធធ្វើឡើងនៅខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងជាប្រធាន JCC កម្ពុជា បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះបានអនុម័តយល់ព្រមលើសំណូមពររបស់កិច្ចប្រជុំឧត្តមមន្ត្រី ដូចជា ភាគីប្រទេសទាំងបីគួរបង្កើតផែនការសកម្មភាពស្ដីពីការអនុវត្តផែនការមេ ២០១០-២០២០ សម្រាប់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ស្នើឲ្យភាគីកម្ពុជាពន្លឿនបែបបទនីតិវិធីផ្ទៃក្នុង ដើម្បីឲ្យកិច្ចព្រមព្រៀងជំរុញ និង កិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ CLV DTA ចូលជាធរមាន និងលើកទឹកចិត្តដល់ភាគីទាំងបី ឲ្យសហការគ្នា ក្នុងការបង្កើតផែនការ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះជាដើម។
សេចក្តីប្រកាសខាងលើលើកឡើងបន្តថា នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានផ្តល់ឱកាសឲ្យកម្ពុជាពិនិត្យមើលឡើងវិញនូវការប្តេជ្ញាចិត្ត និងវឌ្ឍនភាពទាំងឡាយ ដែលបានអនុវត្តនាពេលកន្លងមក ស្របតាមស្មារតីនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្តនេះ សំដៅឆ្ពោះទៅរកទំនាក់ទំនងល្អជាប្រពៃណី និងជាប្រទេសជិតខាងគ្នាដ៏ល្អ ដែលតែងតែចែករំលែកផលប្រយោជន៍ទៅវិញទៅមក នៅក្នុងចំណោមប្រទេស និងប្រជាជននៃប្រទេសទាំងបី ៕ ស តារា