ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនក្មេងទំនើង៩នាក់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនបង្កការអុកឡុកក្រុងបាត់ដំបងវាយកាប់ចាក់គ្នាដោយដាវសាំម៉ូរ៉ៃបានបង្កឲ្យមានអ្នករងរបួស

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលក្រុមបង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញបង្រ្កាបចាប់ខ្លួនក្មេងទំនើង៩នាក់ ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដើរបង្កការអុកឡុកក្រុងបាត់ដំបង ដោយវាយកាប់ចាក់គ្នាប្រើប្រាស់ដាវសាំម៉ូរ៉ៃកាប់ទៅលគូរទំនាស់ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ចំក្បាល ក្នុងរឿងគំនុំសងសឹកគ្នា។

ការឃាត់ខ្លួនជនសង្ស័យ៩នាក់ ធ្វើឡើងកាពីវេលម៉ោងវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចខាងមុខក្លឹបកម្សាន្តHERO ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយជនសង្ស័យជាក្មេងទំនើងបានទំនាស់គ្នាវាយកាប់ចាក់ទៅវិញទៅរួចហើយ នៅចំណុចខាងមុខភោជនីយដ្ឋានអាស៊ានបៀរ។

ជាមួយនឹងការឃាត់ខ្លួនក្រុមក្មេងទំនើងដែលជាជនបង្ក កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងដាវសាំម៉ូរៃ៤ដើមនិងម៉ូតូចំនួន៣គ្រឿង។ ក្រុមក្មេងទំនើងទាំង៩នាក់នោះបាន និងកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅអនុវត្តតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ករណីហិង្សាដោយចេតនា។ ជនរងគ្រោះក្នុងហេតុការណ៍ហិង្សានោះដែរ ត្រូវបានគេស្គាល់ឈ្មោះ សយ សាឃិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឲ្យដឹងថា កម្លាំងនគរបាលក្រុមបង្ការបង្រ្កាបដោយមានការដឹកនាំដោយលោកផ្ទាល់និងលោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្រ្កាបក្រោមការអនុវត្តតាមបទបញ្ជាពីស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដោយតែងតែយកចិត្តទុកដាក់រិតបន្តឹងពង្រឹងសន្តិសុខ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។

ការពង្រឹងសន្តិសុខកម្លាំងនគរបាលក៏បាន បានចេញទៅចាប់ឃាត់ខ្លួនក្មេងទំនើងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបង្កភាពអណាធិបតេយ្យចាតើទុកថាក្រុមអ្នកលេងនៅក្នុងក្រុងបាត់ដំបងជាបន្តបន្ទាប់ផងដែរ។

សូមរំលឹកថា កាលពីកន្លងទៅថ្មីៗនេះដែរក្មេងទំនើង៤២នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដើរបង្កអសន្តិសុខអុកឡុកនៅក្នុងក្រុងបាត់ដំបងនៅពេលយប់បានរងការចាប់ខ្លួន ពីកម្លាំងនគរបាលក្រុមង្ការបង្រ្កាបនោះផងដែរ។ គ្រាដែលគេមលើឃើញថា សកម្មភាពក្មេងទំនើងដើរផឹកស៊ីនិងប្រើប្រាស់គ្រឿងញៀន នៅក្រុងបាត់ដំបងនៅពេលយប់នាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនោះផងដែរ៕ សំ វិច្ឆិកា


ចែករំលែក៖