ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ចេញសែកគ្មានសាច់ប្រាក់៧ម៉ឺនដុល្លារ​ ត្រូវតុលាការផ្តន្ទាទោសពីរឆ្នាំ៦ខែ

ចែករំលែក៖

ភ្នំពេញ៖ស្ត្រីម្នាក់ដែលចេញសែកគ្មានសាច់ប្រាក់ចំនួន៧ម៉ឺនដុល្លារ​ ត្រូវបានលោក​ លី​ លិបម៉េង​ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២៦​ ខែធ្នូ​ នេះ​ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារពីរឆ្នាំ៦ខែពីបទ”ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួន៧ម៉ឺនដុល្លារ”។

ក្នុងនោះ​ តុលាការបង្គាប់ឱ្យស្ត្រីជាប់ចោទ​ សងសំណងជំងឺចិត្តដល់ដើមបណ្តឹងចំនួន២០លានរៀល​ និង​ ពិន័យជាប្រាក់ចំនួនពីរលានរៀលផងដែរ។

ជនជាប់ចោទឈ្មោះ ធូ ប៊ុនច័ន្ទតារា  អាយុ៤៥ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួនផ្ទះលេខ១១បេ បុរីប៉េងហួតផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នៅក្នុងសវនាការកន្លងទៅ​ ជនជាប់ចោទសារភាពថា​ នៅអំឡុងខែតុលា ឆ្នាំ២០១៤​ ខ្លួនបានទទួលទិញដីមួយកន្លែងពីឈ្មោះ ឆយ លក្ខិណា ភេទស្រី ក្នុងតម្លៃ២៧មុឺនដុល្លារ ដោយខ្លួនបានប្រគល់ប្រាក់សុទ្ធមុនចំនួន២០មុឺនដុល្លារ​ នៅសល់៧មុឺនដុល្លារទៀត។

ឈ្មោ​ឆយ លក្ខិណា បានឱ្យខ្លួនចេញសែកដើម្បីទុកតម្កល់ ។ប៉ុន្តែសែកនោះមិនមានប្រាក់ទេ ។ លុះក្រោយមកស្រាប់តែឈ្មោះឆយ លក្ខណា យកសែកដែលខ្លួនចេញទុកតម្កល់នោះមកប្ដឹងតែម្ដង ។

គួរបញ្ជាក់ថា ស្ត្រីឈ្មោះ ធូ ប៊ុនច័ន្ធតារា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ឃុំខ្លួនលេខ០៣ ដកឧ២០១៥ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ចេញដោយលោក ឃុន លាងម៉េង ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍៕ចេស្តា


ចែករំលែក៖