ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឯកទេសវិភាគ៖ សង្គ្រាមឧបទ្វីបកូរ៉េនឹងផ្ទុះឡើងនៅដើមឆ្នាំ២០១៨?

ចែករំលែក៖

ភាពតានតឹងនៅឧបទ្វីបកូរ៉េ ត្រូវបាន អ្នកឯកទេសវិភាគព្យាករថា សង្គ្រាមនៅក្នុងតំបន់នេះនឹងផ្ទុះឡើងនៅដើមឆ្នាំ២០១៨ ក្នុងពេលដែលអាមេរិកនិងចិនមិនទាន់ មានការឯកភាពគ្នា បញ្ចប់វិបត្តិនៅឡើយ។ នៅឆ្នាំ២០១៧ ពិភពលោកទាំងមូលបានមើលឃើញយ៉ាងច្បាស់ពីល្បឿននៃការ អភិវឌ្ឍកាំជ្រួចមីស៊ីលនិងបរមាណូ គឺលើសពីអ្វីដែលអ្នកឯកទេសនៅលើពិភពលោកព្យាករ។ ភាពតានតឹងនៅឧបទ្វីបកូរ៉េ បាន កើតឡើងជាច្រើនឆ្នាំកន្លងមកហើយ គឺ ដល់ពេលដែល ត្រូវបញ្ចប់ដោយសង្គ្រាម ក្រោយកិច្ចពិភាក្សាទំាងប៉ុន្មានមិនមាន ប្រសិទ្ធភាពនោះ។ ចំណុចទាំងនោះ ហើយបានជាទីប្រឹក្សា ទីក្រុងប៉េកាំងបាន ព្យាករថាសង្គ្រាមឧបទ្វីបកូរ៉េនឹងផ្ទុះឡើង នៅដើមឆ្នាំ២០១៨នេះ។

ក្នុងរយៈពេល១ឆ្នាំកន្លងទៅ កូរ៉េខាង ជើង បានធ្វើការសាកល្បងកាំជ្រួចមីស៊ីល រហូតដល់ទៅ ១៦ និង មីស៊ីលផ្សេងៗទៀត ២៣លើកគ្រប់ប្រភេទ។ កាលពីដើមខែ កញ្ញាកន្លងទៅ ទីក្រុងព្យុងយ៉ាងបាន ធ្វើការសាកល្បងគ្រាប់បែកបរមាណូ លើកទី៦ ដែលជាប្រភេទគ្រាប់បែក អុី ដ្រូសែន មានកម្លាំងផ្ទុះខ្លាំងបំផុត ជាងការ សាកល្បង៥លើក មុនៗ។សកម្មភាពរបស់​កូរ៉េខាងជើង បង្ខំឲ្យអង្គការសហប្រជាជាតិសម្រេចអនុម័តច្បាប់ដាក់ទណ្ឌកម្ម បន្ថែម ទៀតពិសេសគឺប្រទេសចិន ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត របស់កូរ៉េខាងជើង ក៏បានគាំទ្រដល់ការដាក់ទណ្ឌកម្មនោះដែរ។

វិបត្តិនៅឧបទ្វីបកូរ៉េ ក៏បានធ្វើឲ្យ ទំនាក់ ទំនងរវាងអាមេរិកនឹងចិន កាន់តែស្មុគ ស្មាញ។ ដើម្បីដាក់គំនាបទៅលើកូរ៉េខាង ជើង ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានចោទប្រកាន់ ទីក្រុងប៉េកាំងថា មិនបានជួយដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់គំនាបទៅលើទីក្រុងព្យុងយ៉ាង។

កន្លងមកថ្មីៗសាស្ត្រាចារ្យ Robert Farley បានព្រមានថា បើទោះបីពិភពលោកមានសន្តិភាពនៅឆ្នាំ២០១៧ ប៉ុន្តែការផ្លាស់ប្តូរជញ្ជីងអំណាច ផ្លាស់ប្តូរ នយោបាយខុស ឆ្គងរបស់ប្រទេសមហាអំណាច ព្រមទាំង តំបន់មួយចំនួនអាចជំរុញឲ្យសង្គ្រាមលោកលើកទី៣ផ្ទុះឡើង នៅឆ្នាំ២០១៨។

នៅក្នុងអត្ថបទ ដែលបានផ្សព្វផ្សាយ នៅលើបណ្តាញ The National Interest ពេលថ្មីៗនេះ សាស្ត្រាចារ្យជនជាតិអាមេរិក លោក Robert Farley មានឯកទេសស្តីពី នយោបាយការពារជាតិ បានបង្ហាញពីតំបន់ចំនួន៥ដែលជាចំណុចចាប់ផ្តើមឲ្យមាន សង្គ្រាមលោកលើកទី៣កើតឡើងនៅឆ្នាំ ២០១៨។

លោក Robert Farley បានសរសេរថា «ពិភពលោក បានឆ្លងផុតឆ្នាំ២០១៧ដោយ មិនមានសង្គ្រាមថ្មីកើតឡើង ពាក់ព័ន្ធនឹងប្រទេសមហាអំណាច។តំបន់មួយចំនួននៅលើពិភពលោក ដូចជាស៊ីរី ក៏បានថយចុះភាពតានតឹង។ចំណែកតំបន់ផ្សេងទៀត បែរជាធា្លក់ក្នុងសភាពតានតឹងជាងមុនទៅទៀត»។

កូរ៉េខាងជើងៈ

ប្រទេសដំបូងគេបង្អស់នៅក្នុងបញ្ជីជាចំណុចចាប់ផ្តើមនៃសង្គ្រាម របស់លោក Farley គឺជាប្រទេសកូរ៉េខាងជើង ។ លោក បន្តទៀតថាស្ថានភាពនៅកូរ៉េខាងជើង គឺជាវិបត្តិនយោបាយការបរទេសធ្ងន់បំផុត នៅសម័យកាលនេះ។ជាមួយនឹងភាព ជោគជ័យរបស់កូរ៉េខាងជើង នៅក្នុងការ អភិវឌ្ឍកាំជ្រួចមីស៊ីលឆ្លងទ្វីប និង បរមាណូ ព្រមទាំងការនិយាយស្តីការ ប្រកាសខ្វះបទ ពិសោធន៍របស់ប្រធានាធិបតីត្រាំ បានបង្កឲ្យមានភាពគ្រោះថ្នាក់យ៉ាងខ្លាំង។

លោកFarley បញ្ជាក់ថា ការគិតគូរ ខុសឆ្គងរបស់ទីក្រុងវ៉ាស៊ីនតោននិង ព្យុង យ៉ាងនឹងជំរុញឲ្យមានសង្គ្រាម ហើយជប៉ុន និងចិនក៏ត្រូវអូសទាញចូលនៅក្នុងសង្គ្រាមនោះដែរ។

តំបន់ទីពីរ គឺសង្គ្រាមកើតឡើងនៅកោះ តៃវ៉ាន់៖

ប៉ុន្មានថ្ងៃកន្លងមកនេះ មន្ត្រីជាន់ខ្ពស់ ចិន បានព្រមានថា ប្រសិនបើនាវាចម្បាំងអាមេរិកចូលចតនៅកោះតៃវ៉ាន់នោះគឺមានគ្រោះថ្នាក់យ៉ាងខ្លាំង។ រដ្ឋាភិបាលចិនបាន ប្រកាសថា នៅថ្ងៃដែលនាវាចម្បាំងអាមេ រិកចូលចតនៅលើកោះតៃវ៉ាន់ គឺជាថ្ងៃ ដែលទីក្រុងប៉េកាំង ត្រូវតែឯកភាពជាតិ កោះតៃវ៉ាន់។ មានន័យថា ចិននឹងវាយប្រហារដោយយោធាទៅលើកោះតៃវ៉ាន់ដើម្បីបង្រួបបង្រួម។នៅពេលនេះចិនបានបង្កើនសកម្មភាពយោធានៅក្នុងតំបន់ ជិតកោះ តៃវ៉ាន់ ។ចំណែកអាមេរិក ក៏កំពុងបង្កើនការផ្តល់អាវុធទៅឲ្យកោះតៃវ៉ាន់ផងដែរ។

លោក Farley បញ្ជាក់ថា« ទំនាក់ទំនង គឺត្រូវតែមានការគិតគូរបានល្អិតល្អន់បំផុត រវាងអាមេរិកនឹងចិន បើមិនដូច្នេះទេ នឹង មានសង្គ្រាមបំផ្លាញអ្វីគ្រប់យ៉ាង។

អ៊ុយក្រែនៈ

អ៊ុយក្រែន នៅតែតានតឹងដដែល ដោយ កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ភាគខាងកើតអ៊ុយក្រែន ត្រូវបានបំពានជាបន្តបន្ទាប់។ សង្គ្រាមវាយប្រហារនៅតំបន់ភាគខាងកើតអ៊ុយក្រែន នឹងបន្តកើតឡើង ដោយម្ខាង គាំទ្រដោយរុស្ស៊ី និងម្ខាងទៀតគាំទ្រដោយ អាមេរិក អឺរ៉ុប។

នៅពេលនេះដែរ អំពើហិង្សា កំពុងតែ កើតឡើងនៅទីក្រុង នៃប្រទេសអ៊ុយក្រែន ។ នៅថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ មនុស្សរាប់សិប នាក់ បានទទួលរងរបួស កាលពីថ្ងៃអាទិត្យ ម្សិលមិញ នៅក្នុងការប៉ះទង្គិចគ្នា នៅ កណ្តាលទីក្រុង Kiev រវាងប៉ូលិសនឹង សកម្មជន ក្នុងអំឡុងពេលការតវ៉ា ស្នើឱ្យ មានការចោទប្រកាន់ ទៅលើប្រធានាធិបតី អ៊ុយក្រែន លោកPetro Poroshenko។

លោក Zoryan Shkiryak ទីប្រឹក្សារបស់ លោក Arsen Avakov រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ របស់អ៊ុយក្រែន បាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ទៅកាន់បណ្តាញ ទូរទស្សន៍ ក្នុងស្រុក112 TV ថាមានមន្ត្រី ប៉ូលិស ប្រតិបត្តិការយ៉ាងតិច ៣០ នាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចនេះ។

តំបន់ទី៤គឺ តំបន់ភាគខាងត្បូងអឺរ៉ុប

តំបន់ភាគខាងត្បូងអឺរ៉ុប ក៏កំពុងក្លាយទៅជាចំណុចចាប់ផ្តើមនៃសង្គ្រាម លោក លើកទី៣ ដែលលោក Farley ហៅថា ឆ្អឹងខ្នងភាគខាងត្បូងរបស់ណាតូ ពិសេស គឺប្រទេសទួរគី។ នៅពេលនេះទួរគី បានងាកទៅរករុស្ស៊ីច្រើនជាងងាកមកអាមេរិកនិងអឺរ៉ុប ទាំងនោះហើយធ្វើឲ្យតុល្យភាព អំណាចនៅក្នុងតំបន់ត្រូវផ្លាស់ប្តូរ។

តំបន់ទី៥ នៅក្នុងបញ្ជីរបស់លោក Farley គឺ ឈូងសមុទ្រពែក្ស(Persian )ៈ

លោក Ferley បញ្ជាក់ថា តំបន់ឈូង សមុទ្រ នឹងប្រឈមមុខដាក់គ្នាកាន់តែតានតឹងថែមទៀតរវាងអីុរ៉ង់នឹងសាវឌីអារ៉ាប៊ី ដែលជាប្រទេសសត្រូវនឹងគ្នាជាច្រើនទសវត្សកន្លងមក ។ រដ្ឋាភិបាលសាវឌីអារ៉ាប៊ី បានបង្កើតសម្ពន្ធមិត្តដើម្បីប្រឆាំងនឹងអីុរ៉ង់ ក្នុងនោះមានទាំងប្រទេសអីុស្រាអែលផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖