ខេត្តកំពត៖ សង្វៀនបញ្ជល់មាន់ និងល្បែងជាច្រើនប្រភេទទៀតត្រូវបានគេបើកលេងយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាចដោយប្រើប្រាស់ឈ្មោះ កាស៊ីណូដើម្បីបំភ័ន្តភ្នែកមហាជន ខណៈដែលអាជ្ញាធរនិងនគរបាលពុំអើពើបង្ក្រាបឡើយ ។
តាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងដ៏ធំមួយនេះមាន ទីតាំងនៅក្បែរច្រកតន់ហន់ ក្នុងឃុំព្រែក ក្រឹសដែលម្ចាស់អះអាងថា ជាកាស៊ីណូ។ ជាក់ស្តែងកាស៊ីណូនេះមិនទាន់មានភាពស្របច្បាប់ បង់ពន្ធចូលរដ្ឋទេនិងគ្មានស្លាក យីហោត្រឹមត្រូវឡើយ ហើយទីតាំងល្បែងនេះគ្មានលេងអ្វីក្រៅពីបញ្ជល់មាន់ បាញ់ អាប៉ោង យូគី ចាក់បាល់ និងតៃសៀវ សម្រាប់ពលរដ្ឋខ្មែរចូលលេងដែលខុសពីគោលការណ៍និងបញ្ញត្តិច្បាប់នៃកាស៊ីណូដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងជាដាច់ខាត ។
ប្រភពបានបន្តថា ទីតាំងខាងលើក៏មាន ទទួលបញ្ចាំម៉ូតូពីក្រុមអ្នកលេងផងដែរ ហើយអ្នកចាំសម្របសម្រួលរត់ការគឺឈ្មោះ សេក ប៊ុនធឿន ហៅជោច ជាកូនប្រុស លោក សេក ឈិន មេឃុំព្រែកក្រឹស ស្រុក កំពង់ត្រាចតែម្តង។ បន្ទាប់ពីមានទីតាំង ល្បែងដ៏ធំខាងលើនេះមកពលរដ្ឋក៏បានកើតក្តីបារម្ភអំពីបទល្មើសចោរកម្មទាំងឡាយ កំពុងកើតមានយ៉ាងច្រើនផងដែរ ហើយ អាជ្ញាធរ និងសមត្ថកិច្ចហាក់ដូចជាត្រូវថ្នាំសណ្តំ ។
លោក សេក ឈិន មេឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចបានទទួលស្គាល់ថា លោក សេក ប៊ុនធឿន ពិតជាកូនប្រុសរបស់លោក មែន តែពេលនេះកូនរបស់លោកបានក្លាយ ជាកូនចៅគេវិញទៅហើយដោយសារតែលែងល្បែងចាញ់អស់ដីអស់ផ្ទះ។ លោក មេឃុំបានបន្តថា កាស៊ីណូខាងលើពុំទាន់ ស្របច្បាប់ប្រាកដមែនតែលោកមិនអាចធ្វើអ្វីបានទេព្រោះវាហួសពីសមត្ថភាពរបស់លោក ។
ចំណែកលោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានឲ្យដឹងយ៉ាងខ្លីថា លោកទើប តែកាន់តំណែងថ្មីពុំបានដឹងថា មានល្បែង ស៊ីសងនៅទីតាំងខាងលើឡើយ តែលោក ថា ទោះជាទីតាំងខាងលើក្លាយជាកាស៊ីណូ ស្របច្បាប់ក៏ដោយក៏ច្បាប់មិនតម្រូវឲ្យ ពលរដ្ឋខ្មែរចូលលេងដែរ ។
សូមបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលប្រកាសរឹតបន្តឹងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងបានបង្ក្រាបជាហូរហែមក បានធ្វើឲ្យពលរដ្ឋមានការសាទរយ៉ាងខ្លាំង ខណៈដែលល្បែងទាំងអស់នោះបានជះ ឥទ្ធិពលអាក្រក់ដល់សណ្តាប់ធ្នាប់សង្គមទាំងមូល។ ចំណែកឯទីតាំងល្បែងដែលប្រើឈ្មោះកាស៊ីណូខាងលើនេះទំនងជាត្រូវ ការបញ្ជាពីថ្នាក់ដឹកនាំទើបការអនុវត្តច្បាប់ថ្នាក់ក្រោមមានប្រសិទ្ធភាព ៕ ហេង សូរិយា