ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសមុខតំណែងអនុប្រធានមន្ទីរ អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីនៃមន្ទីរកិច្ចការនារីខេត្តប៉ៃលិន៤រូប

ចែករំលែក៖

ខេត្តប៉ៃលិន៖ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន មានពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី នៃមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត លោក​ ផាន់ ចាន់ធុល អភិបាលរងខេត្ត និងលោកស្រី ជា លាភ អភិបាលរង​ខេត្ត​ ព្រមទាំងមាន​ការ​អញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ លោកប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជំនាញជុំវិញខេត្ត ផងដែរ។

លោក ហែម ឬទ្ធី នាយករដ្ឋបាលខេត្ត បានអានដីកាស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការរបស់រដ្ឋបាលខេត្តប៉ៃលិន លេខ ០០៩/១៧ដក ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចជូន លោកស្រី ចន្ទ ថាវី ជាអនុប្រធានមន្ទីរកិច្ចការនារី លោកស្រី មួន ចាន់ស្រីរ័ត្ន ជាប្រធានមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្ត្រី លោកស្រី សួន សុគន្ធា ជាអនុប្រធានការិយាល័យហិរញ្ញវត្ថុ និងផ្គត់ផ្គង់ផែនការស្ថិតិ លោកស្រី តិច វួចឡាង ជាអនុប្រធានមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្ត្រី។

លោកស្រី ចន្ទ ថាវី ជាអនុប្រធានមន្ទីរកិច្ចការនារីថ្មី បានប្តេជ្ញាចិត្ត ខិតខំអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនដោយទទួលខុសត្រូវខ្ពស់បំផុត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងខិតខំពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទៅក្នុងអង្គភាព និងក្រៅអង្គភាព ហើយចាត់ទុកខ្លួនជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកផាន់ ចាន់ធុល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋាបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអាទិភាពក្នុងដំណើរការពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ដោយអនុវត្តន៍ច្បាប់​ ស្តីពីសហលក្ខន្តិកៈ​មន្ត្រី​រាជការស៊ីវិល និងច្បាប់គោលមួយចំនួនទៀត ដូច្នេះ​ថ្នាក់ដឹកនាំមន្ទីរដែលទើបបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មីនាពេលនេះ​ ត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយ​មាន​​ការ​ទទួលខុសត្រូវខ្ពស់ មានតម្លាភាព​ សាមគ្គីភាព និងត្រូវបន្តសិក្សាស្រាវជ្រាវ​រកនូវប្រភព​ឯកសារ លិខិត​បទដ្ឋាននានា យក​មកបណ្តុះបណ្តាលបង្កើន​សមត្ថភាពក្នុងវិជ្ជាជីវៈ​សំដៅឲ្យអង្គភាព​របស់ខ្លួនដំណើរ​ការដោយរលូន និងមានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំស្វែងយល់ និងអនុវត្តន៍ឲ្យបានល្អនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់តម្លៃស្ត្រីទប់ស្កាត់រាល់អំពើហិង្សាលើស្ត្រី និងកុមារពង្រឹងសមភាពយេឌ័រដើម្បីឲ្យស្ត្រីបានចូលរួមសកម្មភាពនានានៅក្នុងសង្គមជាតិ៕ ស សារ៉េត


ចែករំលែក៖