ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងបើកបរម៉ូតូស្របទិសគ្នាក្នុងល្បឿនលឿនដូចព្យុះទៅបុកម៉ូតូនគរបាលចរាចរណ៍ម្នាក់នៅពីមុខបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ចូលពេទ្យ

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៨និង១៥នាទី ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរដោយសារម៉ូតូបុកនឹងម៉ូតូ ជិះស្របទិសគ្នាពីកើតទៅលិច ស្ថិតនៅចំណុចលើផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិអូរពឺត សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលមុនកើតហេតុ គេបានឃើញម៉ូតូ២គ្រឿងបានបើកបរក្នុងទិសដៅពីកើតនៅលិច ស្របទិសគ្នា ស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរក្នុងសភាពល្បឿនលឿនដូចព្យុះ ទៅបុកម៉ូតូនគរបាលចរាចរណ៍ខេត្តមួយគ្រឿងទៀត នៅពីមុខបណ្ដាលឲ្យដួលបោកក្បាលបុរសម្នាក់ជាជនបង្កទៅនឹងកន្លែងកើតហេតុ លើផ្លូវជាតិលេខ៥៧រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ក្រោយមកត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកចូលពេទ្យព្យាបាល។

តាមមន្ត្រីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិនបានឲ្យដឹងថា បុរសម្នាក់ដែលបើកបរម៉ូតូបង្កនោះ ឈ្មោះ តិប សាវិន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរលក់ដូរ រងរបួសធ្ងន់ បើកបរម៉ូតូ ម៉ាកអ៊ែប្ល៉ែកពណ៌ខ្មៅ មិនស្គាល់ស៊េរី គ្មានស្លាកលេខ ខូចខាតធ្ងន់ ចំណែកភាគីរងគ្រោះមាន ឈ្មោះ អុន ស៊ីថា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនមុខរបរនគរបាល រងរបួសស្រាល ជិះម៉ូតូម៉ាកហុងដាទ្រីម ស៊េរី ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ហេតុការណ៍នេះបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន និងមានល្បឿនលឿន ។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញខេត្តបានចុះវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តដើម្បីរង់ចាំការដោះស្រាយ ចំណែកជនរងគ្រោះបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖