ខេត្តកណ្ដាល៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី រួមជាមួយនិងក្រុមការងារក្រោមឱវាទ បាន នាំយកអំណោយមនុស្សធម៌ ជាសម្ភារៈ ចែកជូនសិស្សានុសិស្ស៥៥០នាក់ នៅមជ្ឈមណ្ឌលឥស្លាមកម្ពុជា ស្ថិតនៅវិទ្យាស្ថានូរ៉ុលអ៊ីម៉ាន ឃុំឫស្សីជ្រោយ ស្រុកមុខ កំពូល ខេត្តកណ្តាល កាលពីថ្ងៃសៅរ៏ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនិងថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៧ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ប្អូនៗ ដែល នៅវ័យសិក្សា ត្រូវខិតខំប្រឹង ប្រែងក្រេបចំណេះដឹងឲ្យល្អប្រសើរ មិនត្រូវបោះបង់ការសិក្សាពាក់កណ្តាលទីនោះឡើយ និយាយរួម ក្នុងនាមជាពលរដ្ឋម្នាក់ ក៏ដូចជាវ័យដែលនឹងក្លាយជាយុវជនល្អសម្រាប់សង្គម ប្អូនៗត្រូវខំប្រឹង យ៉ាងណាឲ្យបានរៀនចប់ថ្នាក់បរិញ្ញាបត្រ ដើម្បីជាស្បៀងសម្រាប់អនាគតភ្លឺស្វាងរបស់យើងគ្រប់ៗគ្នា ក្នុងការប្រកួតប្រជែងនៅលើទីផ្សារការងារ ដែលកំពុងត្រូវការអ្នកដែលមានជំនាញនិងសមត្ថភាពពិតប្រាកដ។
លោកបានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើវិស័យអប់រំ គឺជាវិស័យអទ្ធិភាពបំផុត ទាក់ទងនឹងការផ្តល់អទ្ធិភាពនេះ លោករដ្ឋមន្រ្តីប្រតិភូក៏បានរំលឹកអំពីកំណើននៃប្រាក់បៀវត្សមន្រ្តីរាជការ ជាពិសេសប្រាក់បៀវត្សរបស់គ្រូបង្រៀនគឺជាផ្នែកសំខាន់ដែលរាជរដ្ឋាភិបាលបានដំឡើងជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០១៨នេះ ប្រាក់បៀវត្សគ្រូបង្រៀនបូកនឹងកាំប្រាក់ផ្សេងៗយ៉ាងតិចបំផុតមិនក្រោម១លានរៀលឡើយ។
ក្នុងឱកាសនេះដែរ លោកក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និង សិស្សានុសិស្ស សូមបន្តប្រើប្រាស់មណ្ឌលសិក្សាមួយនេះ ដើម្បីចូលរួមអភិវឌ្ឍន៍ និងលើកកំពស់វិស័យអប់រំទាំងចំណេះដឹងទូទៅ និងផ្នែកសាសនាឥស្លាម ហើយសង្ឃឹមនឹងមិនមានអ្វីរាំងស្ទះដល់បញ្ហាប្រាក់បៀវត្សគ្រូទេ ព្រោះគ្រូបង្រៀនស្ទើរទាំងអស់ក្នុងមជ្ឈមណ្ឌលនេះ គឺត្រូវបានរាជរដ្ឋាភិបាលសម្រេចជ្រើសរើសបញ្ចូលទៅក្នុងក្របខណ្ឌគ្រូរបស់ក្រសួងអប់រំយុវជននិងកីឡា ។
ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់មជ្ឈមណ្ឌលមួយនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់បុគ្គលិកបម្រើការងារទាំងអស់ក្នុងមជ្ឈមណ្ឌល ជាពិសេសថ្លែងអំណរគុណដល់ភាគីម្ចាស់ជំនួយទាំងក្នុងនិងក្រៅស្រុក ដែលបានបន្តផ្តល់ជំនួយស្បៀងអាហារដល់សិស្សានុសិស្ស ចូលរួមចែករំលែកទុកលំបាករបស់សិស្សានុសិស្ស និងចំណាយផ្សេងៗរបស់មជ្ឈមណ្ឌលជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានពាំនាំអង្ករ១០តោន របស់ក្រុមប្រឹក្សាឥស្លាមរដ្ឋសឺឡាងរប្រទេសម៉ាឡេស៊ី ប្រគល់ជូនមជ្ឈមណ្ឌលដើម្បីដោះស្រាយហូបចុកខ្លះជូនសិស្សានុសិស្សានិងគ្រូ ហើយក្នុងនោះដែរឯកឧត្តមក៏បានឧបត្ថម្ភជូន សិស្សានុសិស្ស៥៥០ នាក់ ក្នុងម្នាក់បានថវិកា១០០០០រៀល លោកគ្រូ អ្នកគ្រូ៣០ នាក់ ម្នាក់ៗ១០០០០រៀលផងដែរ ៕ សំរិត