ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីអ្នកភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញនាព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នេះបានឲ្យដឹងថា មានម៉ាសុីនតាបអារច្រៀកឈើគ្មានលិខិតអនុញាតិ ១កន្លែង ពួនសម្ងំធ្វើសកម្មភាពត្រូវបានគេសង្ស័យជាឆ្នាំងបាយមន្រ្តីជំនាញ ថ្នូរនឹងមិនបង្រ្កាប ខណៈត្រូវបានគេស្គាល់ជនប្រព្រិត្តនៅឯខេត្តកំពង់ស្ពឺ និងមានបងប្អូនជីដូនមួយនៅស្រុកភ្នំក្រវាញ ជាអ្នកទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានផងដែរ។
ប្រភពរាយការណ៍ខាងលើបន្តថា ទីតាំងរោងម៉ាសុីនតាបអារច្រៀកឈើគ្មានលិខិតអនុញាតនោះ នៅត្រង់ចំណុចត្រពាំងវាយ ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយម្ចាស់ឧបករណ៍គ្មានលិខិតអនុញាតនេះ គេស្គាល់នៅឯខេត្តកំពង់ស្ពឺឯណោះ ប៉ុន្តែការដែលគាត់ជ្រើសរើសទីតាំងដាក់ប្រព្រិត្តធ្វើសកម្មភាពបាននេះ ដោយសារគាត់ពឹងពាក់ជាមួយប្អូនជីដូនមួយរបស់គាត់ម្នាក់ នៅទល់មុខសាលាឃុំលាច ស្ថិតក្នុងភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងពិសេសជាងនេះទៅទៀតនោះ គឺមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ហើយគេសង្កេតឃើញទីតាំងរោងម៉ាសុីនតាបអារច្រៀកឈើដោយគ្មានលិខិតអនុញាតនេះ បានធ្វើសកម្មភាពអារច្រៀកយូរឆ្នាំមកហើយ អាចម៍រណា និងចំនៀរឈើគំនរគពូកដូចភ្នំ ហើយការដែលមន្រ្តីជំនាញគ្មានការបង្រ្កាបនេះ ត្រូវបានគេសង្ស័យជាថ្នូរនឹងប្រយោជន៍ឆ្នាំងបាយដ៏ធំ។
ពាក់ព័ន្ធករណីរោងម៉ាសុីនតាបអារច្រៀកឈើគ្មានលិខិតអនុញាតខាងលើ លោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើលាច បានឲ្យអ្នកកាសែត នគរវត្ត ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃដដែលនេះថា បញ្ហាហ្នឹងលោកមិនដឹងនោះទេប៉ុន្តែលោកសន្យានឹងស្រាវជ្រាវ ដោយឡែក៖ លោក ហង្ស វណ្ណថន នាយផ្នែករដ្ឋបាលព្រៃឈើស្តីទី បានទូរស័ព្ទចូលប៉ុន្តែគ្មានអ្នកទទួល៕ បឹុម ពិន