ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសស្រវឹងស្រាបើករថយន្តបុករះម៉ូតូចំនួន៤គ្រឿងព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់បាន

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ស្រវឹងស្រាបើករថយន្ត បុករះម៉ូតូ៤គ្រឿងនិងរ៉ឺម៉កកង់បី២គ្រឿង ទៀតរងកាខូចខាត ហើយព្យាយាមបើករត់តែរូវប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់បាន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០២:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្សារទំនើបសូរីយាម៉ល ផ្លូវលេខ៥១ និងឃាត់រថយន្តបាននៅម្ដុំស្ពាននាគ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ភ្នំពេញ ។

ជនបង្កហេតុនោះឈ្មោះ MERKUS KALUS ជាជនជាតិស្វីស មុខរបរ Director ស្នាក់នៅរាជធានីភ្នំពេញ មានប្រពន្ធជាជនជាតិ ហ្វីលីពីន ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបរទេសម្នាក់បើករថយន្ត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-2776 និងមាននារីម្នាក់ទៀត រួមដំណើរជាមួយ ទាំងស្ថានភាពស្រវឹងស្រាជោកជាំ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូ៤គ្រឿង និងរ៉ឺម៉កកង់បី២គ្រឿង ដែលចតនៅចិញ្ចើមផ្លូវ បណ្ដាលអោយរងការខូចខាត តែមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ បន្ទាប់មករថយន្តបង្កបានបន្ថែមល្បឿនព្យាយាមគេចខ្លួន មកដល់ចំណុចផ្លូវព្រះនរោត្តម កែងផ្លូវ១០៦ ម្ដុំស្ពាននាគ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមឃាត់រថយន្តបាន។

មួយសន្ទុះក្រោយមកស្ត្រីជនជាតិភ្វីលីពីន និងកូនស្រីបានជិះឡានមកដល់កន្លែងកើតហេតុ អះអាងថាជាប្រពន្ធ​ជនបរទេសខាងលើ ស្រាប់តែស្រីស្នេហ៍ដែលស្រវឹងទោរទន់នោះ ប្រតិកម្មយ៉ាងខ្លាំង ក៏បានផ្ទុះកំហឹងឡើងស្រែកជេរទៅកាន់ស្ត្រីជាប្រពន្ធនោះយ៉ាងខ្លាំង និងយកដៃវាយក្បាលរថយន្តជាច្រើនដង និងនិយាយភាសាអង់គ្លេសឆ្លើយឆ្លងគ្នារហូត ស្ត្រីជនជាតិហ្វីលីពីនដែលជាប្រពន្ធជនបរទេសនោះ លែងនិយាយ និងងាកមកសួរនាំសមត្ថកិច្ចដើម្បីចេញសំណងទៅកាន់ម្ចាស់ម៉ូតូនិងរ៉ឺម៉កកង់បីដែលរងការបានខូចខាតវិញ។​

ក្រោយកើតហេតុសមត្ថកិច្ចចុះមកសាកសួរនឹងបានទាក់ទងទៅខាងជំនាញចរាចរណ៏ក្រុងឲ្យមកដោះស្រាយហើយភាគីខាងប្រពន្ធអ្នកបង្កក៏ព្រមសងទៅខាងភាគីរងគ្រោះទាំងអស់ចំនួន៣០០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖