ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តបុកជាមួយម៉ូតូ ខណៈដែលកំពុងឆ្លងថ្នល់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៥ និង៧៦ ដែលស្ថិតក្នុងភូមិអូតានេស ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ច ដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២AK.៥៤៦៣ បើកបដោយជនមិនមិនស្គាល់ទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើបានជ្រុលទៅបុកនឹងអ្នកជិះម៉ូតូបណ្តាលឲ្យមនុស្សជិះម៉ូតូបានប៉ើងអូសចម្ងាយប្រមាណជា២០ម៉ែត្របណ្តាលរងរបួសធ្ងន់ ។
ប្រភពពីសមត្ថកិច្ចខាងលើដដែលបានឲ្យដឹងបន្ថែមទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បណ្តាលឲ្យបុរសម្នាក់ឈ្មោះមាស សុវ៉ាត ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងបានរងរបួសផងដែរ ។
ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ដោយឡែកអ្នករងរបួសត្រូវបានក្រុមគ្រួសាសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ។
ចំពោះរថយន្តត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការនគបាលស្រុករលាប្អៀរដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវគេមើលឃើញថា នៅតែកើតមានបើទោះជាសមត្ថកិច្ចផ្សព្វផ្សាយអប់រំណែនាំយ៉ាងណាក៏ដោយ តែអ្នកប្រើប្រាស់ផ្លូវមួយចំនួននៅតែមិនគោរពច្បាប់ចរាចរណ៍ដដែល ៕ ចន្តា