ភ្នំពេញ៖ ស្ទើរតែមិនគួរឲ្យជឿដែលមនុស្សស្រីពីរនាក់បានស្រឡាញ់ និងរួមរស់នៅជាមួយគ្នា ចាត់ទុកដូចប្តីប្រពន្ធអស់រយៈពេលជាង២ឆ្នាំមកហើយ ស្រាប់តែពេលនេះ ភាគីនាងតាំងខ្លួនជាស្រីស្នេហ៍ប្រែចិត្តទៅស្រឡាញ់ប្រុសពេញលេញ បែរជានាងតាំងខ្លួនជាប្រុស ប្រចណ្ឌយករូបតាកំប៉ោងវាយក្បាលបណ្តាលឲ្យបែកឈាម និងដេររហូតទៅដល់៩ថ្នេរ។
ដោយសារតែទ្រាំនឹងហិង្សារបស់ភាគីនាងធ្វើជាបុរសមិនបាននៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨ ភាគីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមនដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌បន្ទាប់ពីមានរឿងហេតុ៣ថ្ងៃមកហើយ ឈឺចាប់ទ្រាំលែងបាន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថានារីរងគ្រោះ(សុំមិនបញ្ចេញឈ្មោះ)មានអាយុ២៤ឆ្នាំស្នាក់នៅក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា។រីឯនារីដៃ ដល់ដែលតាំងខ្លួនជាបុរស ឈ្មោះ ថែ សាមឌី អាយុ ២៦ឆ្នាំ រស់នៅជាមួយនារីរង គ្រោះខាងលើ ។
តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគឺ កាលពីយប់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ រូបនាងបានចូលទៅលេងហ្គេមនៅក្នុងណាហ្គាវើលដ៍ហើយនារីឈ្មោះ ថែ សាមឌី អាយុ២៦ឆ្នាំ ជាគូស្នេហ៍ របស់នាងដែលតាំងខ្លួនជាប្រុសបានមកឃើញក៏រករឿងនិងមានការវាយប្រតាយ ប្រតប់ជាមួយនាងផ្អើលគេឯង។ ពេលនោះកម្លាំងសន្តិសុខដែលយាមនៅណាហ្គា វើលដ៍បានហៅពួកនាងទៅសួរនាំរួចឲ្យ ចេញទៅផ្ទះវិញ។ លុះពេលចេញមកក្រៅគូស្នេហ៍បានហៅនាងទៅផ្ទះជួលរបស់ពួកយើងទាំង២នាក់ដែលធ្លាប់រស់នៅជាមួយគ្នាបានរយៈពេល២ឆ្នាំកន្លងមកហើយនោះហើយបានសួរនាងថាហេតុអីចុះចេញពីរូបគេទៅស្រលាញ់ប្រុសផ្សេងក្បត់ចិត្តគេ? មិនទាន់បានឆ្លើយស្រួលបួលផងគូស្នេហ៍ របស់នាងក៏ដើរទៅបិទទ្វារផ្ទះរួចយកឈើ រូបតាកំប៉ោងវាយក្បាលនាងបណ្តាលឲ្យបែកហូរឈាមទៅមន្ទីរពេទ្យដេរអស់៩ថ្នេរតែម្តង ។
នារីរងគ្រោះបានបន្តថា ដំបូងឡើយនាងសុខចិត្តនៅស្ងៀមមិនចង់ប្តឹងប្តល់អីទេតែដោយសារឈឺចិត្តនឹងគូសេ្នហ៍ចេះតែផ្គើននិងនិយាយឌឺដងដាក់នាងពេកនាងទ្រាំលែងបានក៏សម្រេចចិត្តទៅដាក់ពាក្យ បណ្តឹងតែម្តងទៅ ។
ក្រោយពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះរួចកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ក៏បានស្រាវជ្រាវ និងកោះហៅនារីដែល តាំងខ្លួនជាមនុសប្រុសខាងលើយកមក ចាត់ការទៅតាមផ្លូវច្បាប់ផងដែរ ៕ ប្រាថ្នា