ខេត្តកណ្តាល៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកមយយគ្រឿងបើកបុកទាំងកំរោល បណ្តាលឲ្យរងរបួសធ្ងន់ ហើយម្ចាស់រថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កើតកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃចន្ទ១៥កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ទី១ ខែមករា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ចំណុចភូមិសំរោងក្អែរ៣ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលស្រុកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងិន សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករទីលំនៅភូមិ សំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។
សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BA-៧៥៤៦ ទិសដៅពីភ្នំពេញទៅអ្នកលឿង។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តមិនស្គាល់ម៉ាកមយយគ្រឿង បានបើកបត់លើផ្លូវថ្នល់មិនបានមើលគ្រប់ជ្រុងជ្រោយ ក៏បុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្ត បានបើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរស្រុកកៀនស្វាយបានទៅដល់វាស់វែងនិងយកម៉ូតូ ដែលរងការខូចខាតរបស់ជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសំរោងធំ ដើម្បីរង់ចាំដោះស្រាយតាមក្រោយ៕ សហការី