ព័ត៌មានទាន់ហេតុការណ៍៖

ប្រជុំផ្សព្វផ្សាយដកហូតឯកសាររដ្ឋបាលខណៈជនបរទេសកំពុងប្រើប្រាស់​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ លោក ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ និងលោក ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក្នុងពិធីនោះក៍មានការអញ្ជើញចូលរួមពីមន្រ្តីរាជការតាមបណ្ដាមន្ទីរនានា និងកងកម្លាំងប្រដាប់អាវុធទូរទាំងខេត្តពោធិ៍សាត់ ព្រមទាំងតំណាងសមាគមន៍ជនជាតិវៀតណាមផងដែរ។

ពិធីប្រជុំផ្សព្វផ្សាយលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីខាងលើធ្វើឡើងនាព្រឹលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំនៃស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

លោក ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា​ ការលុបចោល និងដកហូត រាល់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ ប្រើប្រាស់ គឺជាគោលនយោបាយ ថ្មីរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការគ្រប់គ្រង និងលុបបំបាត់ ពាក្យចចាមអារ៉ាម ដែលនិយាយថា ប្រទេសកម្ពុជាមានជនអន្តោប្រវេសន៍ រស់នៅដោយខុសច្បាប់។

លោកបន្តថា ដើម្បីឱ្យការអនុវត្តការងារមានភាពរលូន និងទទួលបានភាពជោគជ័យ រាជរដ្ឋាភិបាលបានបង្កើតនូវក្រុមការងារ អន្តរក្រសួង ដែលមានការចូលរួម​ ចំនួន៤ក្រសួង​គឺ ១-ក្រសួងការបរទេស។ ២-ក្រសួងយុត្តិធម៌។ ៣-ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និង៤-ក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាអ្នកដឹកនាំ មានភារកិច្ច អនុវត្តន៍ចំនួន ៤ករណីគឺ ១-ការបញ្ជូល និងអនុវត្តន៍ លើចំណុចខ្វះខាត ដែលមានចាប់តាំង ពីឆ្នាំ២០០២ នៃរយៈពេលដ៏យូរនេះ។ ២-ជាអ្នកកាន់ឯកសារមិនប្រក្រតី មានន័យថាការធ្វើឯកសារ​ ដែលមិនទាន់សមស្របទៅតាម ច្បាប់។ ៣-អ្នកកាន់ឯកសារអត្តសញ្ញាណកម្ម ។ ៤-អ្នកស្នាក់ នៅយូរ ដែលអ្នកទាំងបួនជំពូកនេះ ត្រូវមកអនុវត្តន៍តាមអនុក្រឹត្យលេខ ១២៩អនក្រ.បក ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅប្រទេសកម្ពុជា។

លោកបន្ថែមទៀតថា ការអនុវត្តការងារទាំងអស់នេះជាជម្រើសដ៏ល្អសម្រាប់ពួកជនអន្តោប្រវេសន៍​ ដែលចង់រស់ នៅលើទឹកដីកម្ពុជា ក្នុងការផ្តល់នូវសិទ្ធិស្របច្បាប់ ដែលមានការទទួលស្គាល់ដោយនីតិរដ្ឋ ដែលបានផ្តល់នូវអត្ថប្រយោជន៍​ ដល់ជនអន្តោប្រវេសន៍ នូវភាពងាយស្រួល ក្នុងការធ្វើដំណើរទៅវិញទៅមក។ លោកបានបញ្ជាក់ថា​នៅក្នុងប័ណ្ណមានឈីប ដែលបានបញ្ចូលនូវសមាជិកគ្រួសារ របស់ពួកគាត់ កូនៗរបស់គាត់មានសិទ្ធិរៀនសូត្របានខ្ពង់ខ្ពស់ អាចទៅលេងប្រទេសខ្លួនដោយធ្វើការប្តូរនូវប័ណ្ណអន្តោប្រវេសន៍​ជូនដល់ពួកគាត់ ជាពិសេសនោះ ក្រោយពីការចុះសញ្ជាតិរួចហើយ ពួកគាត់អាចរៀនអក្សរខ្មែរ និងឈ្វេងយល់ ពីវប្បធម៌ប្រពៃណីខ្មែរបាន។

លោកក៏បានសំណូមពរដល់មន្រ្តីនគរបាល និងអាជ្ញាមូលដ្ឋាន​ ឲ្យជួយសហការគ្នាក្នុងការអនុវត្តច្បាប់ និងចំណាត់ការផ្សេងៗ​ ទាក់ទងនឹងជនបរទេស​ ដែលរស់នៅខុសច្បាប់ ឬកាន់កាប់ និងប្រើប្រាស់ឯកសារដោយខុសនីតិវិធី ឬផ្ទុយពីលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ។

លោក ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ បានមានប្រសាសន៍ និងកោតសរសើរដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី​ ដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងនូវតួនាទីភារកិច្ចរបស់ខ្លួន និងសុំឲ្យជំរុញបន្ថែមក្នុងការអនុវត្តនូវចំណាត់ការនេះ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសហការឲ្យបានទូលំទូលាយ​ ជាពិសេសមន្រ្តីនគរបាលជំនាញ៕ ប៉ឹម ពិន


ចែករំលែក៖