ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយ សារ៉ាយ សក្ខណា ថាមានអ្នករៀបផែនការបំផ្លាញកិត្តិយអ្នកស្រី និងកូន

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់មហាជន និងអ្នកក្នុងចង្កោមសិល្បៈក្រោយពីលេចចេញព័ត៌មានថា ម្ដាយតារាសម្តែងសារ៉ាយសក្ខណាត្រូវភាគីម្ចាស់បំណុលរឹបអូសយករថយន្តព្រោះគេចវេសការសងប្រាក់៣ម៉ឺនដុល្លារអាមេរិក។ ជុំវិញបញ្ហានេះបានធ្វើឲ្យម្តាយកញ្ញាសារ៉ាយសក្ខណា អ្នកស្រីចាប ផាន់សម្ផស្ស ថ្លែងប្រតិកម្មខ្លាំង និងបដិសេធថាមិនមែនជាការពិត ហើយអ្នកស្រីបានលើកឡើងថាមានអ្នកនៅពីក្រោយរៀបចំគម្រោងបង្ខូចកិត្តិយសអ្នកស្រីនិងកូន។

អ្នកស្រីបញ្ជាក់ថា រឿងដែលចុះផ្សាយថាអ្នកស្រីជំពាក់បំណុលរហូតដល់៣ម៉ឺនដុល្លារអាមេរិកគឺជារឿងមិនពិត ហើយការលើកឡើងថាអ្នកស្រីគេចវេសមិនសងគឺកាន់តែខុសស្រឡះ។ អ្នកស្រីទទួលស្គាល់ថា អ្នកស្រីបានខ្ចីប្រាក់ពីគេចំនួន១៣០០០ដុល្លារអាមេរិកមែនដោយខ្ចីមករកស៊ីប៉ុន្តែកូនស្រីមិនបានដឹងរឿងនេះទេហើយមានអ្នកទទួសស្គាល់និងធានាពីនារីដែលអ្នកស្រីសុំមិនទាន់បញ្ចេញឈ្មោះ ដែលរាប់អានជិតដិតនឹងគ្នា។ អ្នកស្រីបន្តថាក្នុងនោះក៏មានចំណែក៣០០០ដុល្លារដែលនារីខាងលើនេះខ្ចីដែរ។

អ្នកស្រីបន្តថា អ្នកស្រីនិងកូនបានព្យាយាមទាក់ទងចចារសងជាច្រើនលើកច្រើនសារទៅកាន់ម្ចាស់បំណុលចាប់តាំងពីអំឡុងខែសីហាមកម្ល៉េះប៉ុន្តែមិនជួបព្រោះតែរកម្ចាស់បំណុលដើមមិនឃើញចេះតែមានអ្នកនេះអ្នកនោះមកជួបដែលអ្នកស្រីមានទាំងភស្តុតាង និងសាក្សីផងដែរថាអ្នកស្រីពិតជាព្យាយាមជួបម្ចាស់បំណុលដើម្បីដោះស្រាយ។

អ្នកស្រីបន្តថាមិនដែលបានស្គាល់និងឃើញមុខម្ចាស់បំណុលឈ្មោះឃុតស្រីមុំនោះទេគឺខ្ចីតាមរយៈអ្នករាប់អានគ្នាប៉ុណ្ណោះ ហើយអ្នករាប់អានគ្នានេះហើយដែលអ្នកស្រីសង្ស័យថាជាអ្នករៀបគម្រោងការបង្ខូចកិត្តិយសអ្នកស្រីនិងកូន។

អ្នកស្រីលើកឡើងដែរថា អ្នកស្រីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបំណុល និងមិនមានហេតុផលដែលត្រូវគេចវេសទៅណានោះដែរព្រោះអ្នកស្រីមិនបានផ្លាស់ប្តូរទីលំនៅ កូនស្រីក៏គេស្គាល់ច្រើន ហើយបើមិនមានលទ្ធភាពសងក៏កូនអ្នកស្រីមិនពង្រីកហាងកែសម្ផស្សកាន់តែធំជាងមុនដែរ។

អ្នកស្រីបញ្ជាក់ថា អ្វីដែលមិនគួរឲ្យជឿគឺនៅរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០១៨នេះអ្នកស្រីបានធ្វើដំណើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីជួបជាមួយម្ចាស់បំណុលតាមការណាត់ដើម្បីដោះស្រាយប៉ុន្តែបែជាជួបរឿងដែលហាក់ដូចជាការរៀបគម្រោងទុករបស់ភាគីម្ខាង។

អ្នកស្រីសង្ស័យដែរថាមានអ្នករៀបគម្រោងបង្ខូចកិត្តិយសអ្នកស្រីនិងកូន ព្រោះតែរឿងអាក់អន់ចិត្ត និងច្រណែនលើការរកស៊ី មានសេចក្តីសុខរបស់កូនអ្នកស្រីច្រើន។ ទន្ទឹមនឹងការបដិសេធនេះអ្នកស្រីបានបញ្ចេញសារព្រមានចំពោះអ្នកមានបំណងមិនល្អ និងបង្ខូចកិត្តិយសអ្នកស្រី និងកូនស្រីថា សូមឲ្យបញ្ចប់ជាបន្ទាន់មុនពេលអ្នកស្រីបញ្ចេញមុខមាត់ពិតរបស់ជននោះ និងមុនពេលអ្នកស្រីចាត់វិធានការតាមផ្លូវច្បាប់អ្នកមួយតបតវិញ។

ជាមួយគ្នានេះអ្នកស្រីក៏ថ្លែងការសោកស្តាយខ្លាំងចំពោះការជឿលង់លើអ្នកនៅជិតខ្លួនថាជាមនុស្សល្អ និងខិតខំជួយ ស្រលាញ់រាប់អានដោយចិត្តស្មោះតែបែជាមានគម្រោងរៀបចំផែនការបំផ្លាញកិត្តិយស អ្នកស្រីនិងគ្រួសារ។ អ្នកស្រីរំពឹងដែរថា រឿងរ៉ាវនេះនឹងស្ងប់ទៅវិញក្រោយការបកស្រាយនេះ៕ វឌ្ឍនា


ចែករំលែក៖