ព័ត៌មានទាន់ហេតុការណ៍៖

នាយកសាលាគរុកោសល្យខេត្តកំពង់ឆ្នាំងរងការចោទប្រកាន់ថា កាប់ដើមឈើធំៗ៤ដើមលក់ដោយមិនរាយការណ៍ទៅមន្ទីរអប់រំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នាយកសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ឆ្នាំង លោក ហ៊ូ ភារិន្ទ ត្រូវបានប្រភពមួយ ដែលជាបុគ្គលិកសិក្សានៅក្នុងសាលាគរុកោសល្យនេះ បានបង្ហើប ឲ្យដឹងថា បានសម្រចចិត្តដោយឯកឯង ក្នុងការកាប់ដើមឈើ ចាមរី (អំពិលបារាំង) ដែលមានអាយុកាលជាយូរឆ្នាំមកហើយនោះ លក់ឲ្យទៅឈ្មួញយ៉ាងរំភើយ ដោយមិនបានរាយការណ៍សុំយោបល់ទៅមន្ទីរអប់រំយុវជន និងកីឡានោះទេ ។

ប្រភពបានឲ្យដឹងថាទៀតថា លោកគ្រូនៅទីនោះ បានប្រតិកម្ម និងមិនបានពេញចិត្តពីសកម្មភាពលោកនាយកសាលា ដែលបានលក់ដើមឈើធំៗ និងមានអាយុកាលរាប់រយឆ្នាំនៅក្នុងសាលាដែលជាម្លប់សម្រាប់ជ្រក ត្រូវបានលោកនាយកសាលាលក់ទៅឲ្យឈ្មួញកាប់ និងដឹកចេញទៅដោយមិនបានពិគ្រោះយោបល់ជាមួយលោកគ្រូអ្នកគ្រូនៅក្នុងសាលានោះឡើយ។

ដើមចាមរីធំៗចំនួន៤ដើម ត្រូវបានលោកហ៊ូ ភារិន្ទនាយកសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ឆ្នាំង លក់ទៅឲ្យឈ្មួញអារ និងកាប់ដឹកជញ្ជូនចេញ លើកទី១ ថ្ងៃទី៤ ខែធ្នូ បន្តដល់ថ្ងៃទី៣១ ខែធ្នូ ២០១៧ កន្លងទៅ ដោយមិនបានពីគ្រោះយោបល់ជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងសាលនោះឡើយ គឺសម្រេចដោយខ្លួនឯង ហើយក៏ត្រូវបានលោកគ្រូ អ្នកគ្រូដឹងបាននាំគ្នាតវ៉ា។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក ហ៊ូ ភារិន្ទ នាយកសាលាគរុកោសល្យនិងវិក្រិតការខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរស័ព្ទកាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ថា ការចោទប្រកាន់មករូបលោកបែបនេះ គឺពុំមានការពិតនោះទេ ។

លោកនាយកសាលាបានបញ្ជាក់ទៀតថា នៅមុនពេលកាប់ គឺបានបង្កើតគណៈកម្មការត្រឹមត្រូវដើម្បីកាប់ដើមឈើ ដោយមានអនុប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត ប្រជុំកាលពីថ្ងៃទី១៦ ខែធ្នូមកម៉្លេះ ហើយការកាប់ដើមឈើធំៗខាងលើនេះ គឺដោយសារដើមឈើធំទាំងនេះ បានគ្របដណ្តប់គងមកលើអគារ ហើយចំណុចនោះត្រូវធ្វើផ្លូវបេតុងមួយខ្សែផង ហើយការកាប់នេះ ក៏មិនមានការលក់ដូរនោះដែរ ។

លោកញ៉ែម សាវ៉ាត អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យដឹងតាមថ្ងៃទី៤ មករា ថា លោកពុំបានដឹងពីការកាប់ដើមឈើនោះដែរ លោកដឹងនៅពេលដែលរឿងនេះបានផ្ទុះឡើងហើយ ទើបលោកបានឃើញរបាយការណ៍ និងកំណត់ហេតុប្រជុំយកមកជូនលោក ។ តែការកាប់ដើមឈើធំៗទាំង៤ដើមនៅក្នុងសាលាគរុកោសល្យ និងវិក្រិតការ មិនបានសុំការអនុញ្ញាតិពីមន្ទីរអប់រំយុវជន និងកីឡានោះឡើយ។

ពាក់ព័ន្ធនឹងករណីនេះផងដែរ ត្រូវបានប្រភពបង្ហើបឲ្យដឹងថា នាយកសាលានេះ ត្រូវបានថ្នាក់ដឹកនាំមន្ទីរហៅទៅស្តីបន្ទោសយ៉ាងចាស់ដៃផងដែរ ក្រោយពេលដែលមានបញ្ហា ក្នុងការកាប់ដើមឈើនេះ ដែលមិនបានផ្តល់ដំណឹងដល់មន្ទីរ ៕ ចន្ថា


ចែករំលែក៖