ខេត្តរតនគិរី៖ តុលាការខេត្តរតនគិរី បានសម្រេចឃុំខ្លួនលោក អ៊ុក សំអុល អតីតអភិបាលក្រុងបានលុងជាបណ្ដោះអាសន្នកាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ពីបទសមគំនិតក្នុងអំពើលួច ។
គួររំលឹកថា កាលពីថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ កម្លាំង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានឃាត់ខ្លួនលោក អ៊ុក សំអុល នៅម្តុំមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តរនតគិរី ។
ប្រភពពីមន្ត្រីនគរប៉ូលិស ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការឃាត់ខ្លួនអតីតអភិបាល ក្រុងបានលុងរូបនោះគឺធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តរតនគិរីដោយចោទប្រកាន់លោក អ៊ុក សំអុល ថាបានសមគំនិតក្នុងអំពើលួចដែលប្រព្រឹត្តនៅខេត្ដរតនគិរីកាលពីខែមករា ឆ្នាំ២០១៧កន្លងមក ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីឃាត៉ខ្លួនរួចជនសង្ស័យត្រូវបានបញ្ជូនទៅកាន់នាយដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសាក់សួរ ។ នៅពេលដំណើរការសាកសួរគេពុំដឹងថា បានចម្លើយពីជនសង្ស័យយ៉ាងណាឡើយ ។
ប៉ុន្ដែនៅថ្ងៃទី៤ ខែមករា ជនសង្ស័យត្រូវបានបញ្ជូនទៅខេត្ដរតនគិរីដើម្បីបន្ដចាត់ការបន្ដតាមនីតិវិធី ។
ប្រភពពីមន្ត្រីតុលាការរតនគីរីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុក សំអុល ត្រូវឃុំខ្លួននៅពន្ធនាគារភ្នំស្វាយជាបណ្ដោះអាសន្នពីបទសមគំនិតក្នុងអំពើលួច ។
ប្រភពបានបន្ដឲ្យដឹងទៀតថា បើរកឃើញដូចការចោទប្រកាន់នោះ ជនសង្ស័យត្រូវមានទោសមជ្ឈឹម ហើយបន្ដឃុំខ្លួនពីរឆ្នាំទៅប្រាំឆ្នាំ៕ សាយប៉ូច