ភ្នំពេញ៖ ក្រុមមេធាវីការពារក្តីលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងជួបលោកកឹម សុខា នៅពន្ធនាគារត្រពាំងប្លុង ខេត្តត្បូងឃ្មុំ ជិតព្រំដែនកម្ពុជា វៀតណាម ដើម្បីពិគ្រោះយោបល់ផ្លូវច្បាប់ និងបញ្ហាមួយចំនួនទៀតនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។
មេធាវីការពារក្តីឲ្យលោក កឹម សុខា បាន ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៨ថា «ក្រុមមេធាវី មានគម្រោងទៅជួបលោក កឹម សុខា នៅ ពន្ធនាគារ “ម៣”នៅថ្ងៃទី៥ស្អែកហ្នឹងដើម្បីយើងទៅពិគ្រោះយោបល់ផ្នែកច្បាប់» ។
លោកបានបន្ថែមថា ក្រុមមេធាវីនឹង ទៅជួបលោក កឹម សុខា ដើម្បីធ្វើបច្ចុប្បន្ន ភាពព័ត៌មានទាក់ទងនឹងរឿងក្ដីរបស់លោក ក្រោយពីតុលាការកោះហៅលោក ម៉ម សូណង់ដូ ចូលបំភ្លឺជាសាក្សីរឿងក្ដីលោក កឹម សុខា ។
លោក សំ សុគង់ បានលើកឡើងទៀត ថា ចំពោះបញ្ហាសុខភាពលោក កឹម សុខា ក្រុមមេធាវីមិនទាន់ដឹងនៅឡើយទេ ដោយ សារខានជួបលោកចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៧មកទើបក្រុមមេធាវីមានគម្រោង ជួបម្តងទៀត ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវ បានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០១៧ ករណីសហការជាមួយសហរដ្ឋអាមេរិកផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយអយ្យការអមសាលាដំបូង រាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី៥ ខែកញ្ញា ពីបទសន្ទិដ្ឋិ ភាពជាមួយបរទេសតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌដែលកំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ។
តុលាការកំពូលកាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧បានកាត់ទោសរំលាយគណ បក្សសង្គ្រោះជាតិនិងផ្អាកសកម្មភាពនយោ បាយរយៈពេល៥ឆ្នាំចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ៕ ហេង សូរិយា